បទយកការណ៍៖ មោទនភាពនៃព្រះរាជាណាចក្រកម្ពុជា! ដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦--
នៅក្នុងដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (20th Francophonie Summit) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ កម្ពុជាបានត្រៀមខ្លួនប្រកបដោយទំនុកចិត្តដើម្បីស្វាគមន៍គណៈប្រតិភូមកពីជុំវិញពិភពលោក។
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបង្កើនល្បឿនការងារយ៉ាងមមាញឹកលើគ្រប់ផ្នែក ដើម្បីធានាឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះប្រព្រឹត្តទៅដោយជោគជ័យ និងអធិកអធមបំផុត។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦នេះ វឌ្ឍនភាពនៃការត្រៀមលក្ខណៈសម្បត្តិបានឈានដល់ដំណាក់កាលគន្លឹះគ្រប់ជ្រុងជ្រោយហើយធានានូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានផងដែរ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូ មកពីប្រមាណ ៩០ប្រទេស។
ក្រោមការដឹកនាំផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានបង្កើតគណៈកម្មការជាតិ និងគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការងាររៀបចំ។ ដោយឡែកនៅលើឆាកអន្តរជាតិវិញ កម្ពុជាបានសហការយ៉ាងជិតស្និតជាមួយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងទទួលបានការគាំទ្របច្ចេកទេសយ៉ាងពេញទំហឹងពីប្រទេសបារាំង។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅក្រោមមូលបទស្នូល៖ «ខិតខំថែរក្សាសន្តិភាពឡើង វិញដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលជាសារនយោបាយដ៏មានឥទ្ធិពលបង្ហាញពីបទពិសោធជោគជ័យរបស់កម្ពុជាក្នុងការកសាងសន្តិភាព និងការប្តេជ្ញាចិត្តពង្រឹងពហុភាគីនិយមលើ ឆាកអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មការជាតិហ្វ្រង់កូហ្វូនី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍អមនៅរាជធានីភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា «នៅសល់ពេលមិនដល់ពីរខែទៀតទេ ដើម្បីរៀបចំប្រុងប្រៀបកិច្ចប្រជុំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ឱ្យបានល្អគ្រប់ជ្រុងជ្រោយហើយធានានូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០»។ ឯកឧត្តមបានជម្រាបជូនអង្គប្រជុំពីមតិសម្រេច និងការទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្អែកទៅលើការសម្រេច ព្រមទាំងផ្ដោតទិសដៅ ក៏ដូចជាអនុសាសន៍នានារបស់សម្ដេចធិបតី ដែលតម្រង់ទិសការងាររៀបចំកិច្ចប្រជុំសម្រាប់ពេលខាងមុខនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកត់សម្គាល់ឃើញថាការរៀបចំកិច្ចប្រជុំមានភាពហ្មត់ចត់ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់អនុគណៈកម្មការពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋាន ហើយការបានសម្រេចនូវជំហានទៅមុខច្បាស់លាស់ ដែលត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងប្រតិទិនការងារដែលបានរៀបចំ។

ដោយឡែក កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក អំឡុងពេលនៃការចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានពិភាក្សាគ្នាអំពីវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ លោកស្រី MUSHIKIWABO បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការត្រៀមរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា។
ជាមួយគ្នានេះ ប្រទេសបារាំងក៏បានបង្ហាញជំហរយ៉ាងច្បាស់ក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងចែករំលែកបទពិសោធដើម្បីធានាឱ្យកិច្ចប្រជុំកំពូលនៅភ្នំពេញទទួលបានជោគជ័យត្រចះត្រចង់។ កម្ពុជាបាននិងកំពុងតាក់តែងឯកសារក្រោមមូលបទស្នូល៖ «ខិតខំថែរក្សាសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
ក្រៅពីកិច្ចពិភាក្សានយោបាយ ព្រឹត្តិការណ៍អមដ៏ធំចំនួនពីរ៖ «ភូមិហ្វ្រង់កូហ្វូនី» (Francophonie Village) និង «ហ្វ្រង់កូតិច» (FrancoTech) នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវតី និងនៅកោះពេជ្រ។ យោងតាមក្រសួងទេសចរណ៍ ទីតាំងនេះនឹងក្លាយជាកន្លែងជួបជុំវប្បធម៌ដ៏រស់រវើក ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។ ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងរៀបចំរយៈពេល ៥ថ្ងៃ នៅទីធ្លាសួនច្បារមុខវត្តបទុមវតីដ៏ស្រស់បំព្រង ដែលជាតំបន់បេះដូងនៃរាជធានីភ្នំពេញ ដើម្បីបង្ហាញលើសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ ស្តង់ពិព័រណ៍ផ្សេងៗ ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលាលើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌ ។ល។

ឯកឧត្តម ហួត ហាក់ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ និងកិច្ចប្រជុំផ្ទៃក្នុងជាបន្តបន្ទាប់ដើម្បីពិនិត្យល្អិតល្អន់លើវឌ្ឍនភាពការងារភស្តុភារ និងការរៀបចំ «ភូមិហ្វ្រង់កូហ្វូនី» បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «ការរៀបចំព្រឹត្តិការណ៍អម "ភូមិហ្វ្រង់កូហ្វូនី" មិនត្រឹមតែជាមោទនភាពជាតិដ៏ធំធេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពី "ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី" ទៅកាន់ពិភពលោកទាំងមូល។ យើងកំពុងរៀបចំស្តង់ពិព័រណ៍វប្បធម៌ ពាណិជ្ជកម្ម និងភូមិអាហារ យ៉ាងសម្រិតសម្រាំងបំផុត ដើម្បីឱ្យគណៈប្រតិភូមកពី ៩០ប្រទេស បានចងចាំ និងស្គាល់ពីសក្តានុពលពិតរបស់កម្ពុជា»។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈសម្បត្តិថា «កិច្ចប្រជុំកំពូលនេះគឺជាឱកាសប្រវត្តិសាស្ត្រដែលកម្ពុជាត្រូវបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរ និងភាពច្នៃប្រឌិតនវានុវត្តន៍នៃសិល្បៈសម័យបច្ចុប្បន្ន។ យើងមិនត្រឹមតែដាក់បង្ហាញនូវរបាំព្រះរាជទ្រព្យ ឬល្ខោនស្រមោលស្បែកធំ ដែលជាបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បើកចំហចាក់ផ្សាយនូវទម្រង់សិល្បៈចម្រុះដែលឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់គ្នារវាងវប្បធម៌ខ្មែរ និងវប្បធម៌បារាំង-ហ្វ្រង់កូហ្វូនីផងដែរ។»។
ព្រឹត្តិការណ៍អមផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយឈ្មោះថា «ហ្វ្រង់កូតិច ២០២៦» (FrancoTech 2026) ក៏កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានធុរកិច្ចសកលផងដែរ។ ព្រឹត្តិការណ៍ដ៏ធំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយដើរតួជាក្បាលម៉ាស៊ីនជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងនវានុវត្តន៍ឌីជីថលរវាងកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំងទាំង ៩០។
«FrancoTech 2026» មិនមែនគ្រាន់តែជាការតាំងពិព័រណ៍ធម្មតានោះទេ ប៉ុន្តែវាជា «ភូមិបច្ចេកវិទ្យា» ដែលរៀបចំឡើងរួមគ្នាដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងកិច្ចការនារី ក្រសួងការបរទេ ស និងសហប្រតិបត្តិការអន្តរជាតិ រាជបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសហព័ន្ធអ្នកជំនួញហ្វ្រង់កូហ្វូនី (Alliance des Patronats Francophones - APF)។ ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះត្រូវបានរំពឹងថានឹងទាក់ទាញអ្នកចូលរួម ច្រើនជាង ៥ ០០០នាក់ មកពីជុំវិញពិភពលោក ឱ្យមកទស្សនាស្តង់ពិព័រណ៍ជាង ១១០ ស្តង់ រួមទាំងពន្លាជាតិ (National Pavilions) របស់ប្រទេសធំៗ។
វេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ គឺជាកាតាលីករដ៏សំខាន់ក្នុងការជំរុញទំហំពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា រវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន។ វេទិកានេះរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង សហការជាមួយសហព័ន្ធធុរកិច្ចហ្វ្រង់កូហ្វូន ក្នុងគោលបំណង ប្រមូលផ្តុំអ្នកដឹកនាំធុរកិច្ច វិនិយោគិន និងអ្នកធ្វើសេចក្តីសម្រេចចិត្តជាង ៣ ០០០នាក់ មកពីជុំវិញពិភពលោក ដើម្បីស្វែងរកទីផ្សារថ្មី និងតភ្ជាប់សេដ្ឋកិច្ចហ្វ្រង់កូហ្វូន ជាមួយតំបន់អាស៊ាន ដែលមានការរីកចម្រើនខ្លាំង។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈសម្បត្តិថា៖ «ការរៀបចំពិព័រណ៍នវានុវត្តន៍ FrancoTech ២០២៦ គឺជាឱកាសដ៏ វិសេសវិសាលបំផុតក្នុងការបង្ហាញពីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងធុរកិច្ចថ្មីឌីជីថល(Tech Startups) របស់កម្ពុជាទៅកាន់មហាគ្រួសារហ្វ្រង់កូហ្វូនី។ ក្រសួងបាននិងកំពុងផ្ដល់ការគាំទ្រ ពេញទំហឹងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងទូរគមនាគមន៍ ដើម្បីធានាឱ្យព្រឹត្តិការណ៍អន្តរជាតិនេះដំណើរការទៅដោយរលូន ប្រកបដោយនវានុវត្តន៍ខ្ពស់បំផុត និងបង្ហាញពីសមត្ថភាពពិត របស់កម្ពុជា»។
ដើម្បីទទួលស្វាគមន៍ប្រមុខរដ្ឋ គណៈប្រតិភូ និងអ្នកសារព័ត៌មានមកពីជុំវិញពិភពលោក ផែនការភស្តុភារនិងបដិសណ្ឋារកិច្ចត្រូវបានដាក់ចេញយ៉ាងលម្អិត ហ្មត់ចត់ និងស្របតាមស្តង់ដារអន្តរជាតិ ដ៏ខ្ពស់បំផុត។ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមការងារពិធីការបានរៀបចំ «ច្រកទ្វារអាទិភាពហ្វ្រង់កូហ្វូនី» (Francophonie Fast Track) ដើម្បីសម្របសម្រួលទិដ្ឋាការ ពិធីការទទួលស្វាគមន៍គណៈប្រតិភូប្រ កបដោយសុវត្ថិភាព។ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយកងកម្លាំងមានសមត្ថកិច្ចបានត្រៀមលក្ខណៈរៀបចំខ្សែផ្លូវអាទិភាព (VIP Lanes) សម្រាប់រថយន្តគណៈប្រតិភូ ក្នុងគោលបំណងកាត់បន្ថយការ កកស្ទះ និងធានាការធ្វើដំណើរទាន់ពេលវេលារវាងសណ្ឋាគារ ទីតាំងប្រជុំ និងតំបន់ព្រឹត្តិការណ៍អមនានា។
ក្រសួងទេសចរណ៍បានសម្របសម្រួលជាមួយបណ្តាញសណ្ឋាគារលំដាប់ផ្កាយ ៥ នៅក្នុងរាជធានីភ្នំពេញដើម្បីធានាបាននូវការស្នាក់នៅប្រកបដោយផាសុកភាព សុវត្ថិភាពខ្ពស់ និងសេវាកម្មម្ហូបអាហារចម្រុះ ជាតិសាសន៍។ ក្រសួងបានបណ្តុះបណ្តាល និងពង្រាយកម្លាំងអ្នកស្ម័គ្រចិត្ត និងមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំងជិត ១ ០០០នាក់ ដើម្បីឈរជើងនៅតាមគ្រប់គោលដៅភស្តុភារក្នុងការផ្តល់ព័ត៌មាន និងជំនួយបច្ចេកទេសជូនភ្ញៀវអន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់កម្រិតខ្ពស់បំផុតដោយមានការដាក់ពង្រាយកម្លាំងចម្រុះរាប់ម៉ឺននាក់នៅតាមគោលដៅយុទ្ធសាស្ត្រ។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា កាមេរ៉ាសុវត្ថិភាពវៃឆ្លាត (AI CCTV) និងប្រព័ន្ធគ្រប់គ្រងដែនអាកាស (Anti-Drone Systems) នឹងត្រូវដាក់ឱ្យដំណើរការពេញ២៤ម៉ោង។ ជាមួយគ្នានេះក្រសួងសុខាភិបាលក៏បានបម្រុងទុកបន្ទប់សង្គ្រោះបន្ទាន់កម្រិតវីអាយភី (VIP Emergency Wards) នៅតាមមន្ទីរពេទ្យធំៗរួចជាស្រេចផងដែរ។
ដើម្បីធានាការផ្សព្វផ្សាយព័ត៌មានប្រកបដោយតម្លាភាព គណៈកម្មការជាតិបានបើកដំណើរការគេហទំព័រផ្លូវការ Francophonie 2026 (www.francophonie2026.gov.kh) ជាបីភាសា (ខ្មែរ បារាំង អង់គ្លេស)។ គេហទំព័រនេះជាការសម្របសម្រួលឌីជីថលដោយរួមបញ្ចូលទាំងប្រព័ន្ធចុះឈ្មោះសុំកាតសារព័ត៌មាន(Media Accreditation) សម្រាប់អ្នកកាសែតជាតិ-អន្តរជាតិ កាលវិភាគកម្មវិធី និងការផ្សព្វផ្សាយតំបន់ទេសចរណ៍នៅកម្ពុជា។
នៅក្នុងបរិបទនៃការប្រកួតប្រជែងរវាងមហាអំណាច យុទ្ធសាស្ត្រការទូតពហុភាគីនិយម តាមរយៈមហាគ្រួសារហ្វ្រង់កូហ្វូនី បាននិងកំពុងជួយឱ្យកម្ពុជាពង្រីកលំហការទូតរបស់ខ្លួនយ៉ាងខ្លាំង។ វាមិនត្រឹមតែពង្រឹងចំណងមិត្តភាពជាមួយសហភាពអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទ្វារសេដ្ឋកិច្ច និងនយោបាយទៅកាន់ទ្វីបអាហ្វ្រិក ដែលជាប្លុកសមាជិកដ៏ធំរបស់ OIF ផងដែរ។ នោះគឺជាការទូតកម្រិតខ្ពស់ដែលឆ្លុះបញ្ចាំងថាទោះជាកម្ពុជាជាប្រទេសតូច ប៉ុន្តែមានទំនួលខុសត្រូវខ្ពស់ចំពោះវាសនាពិភពលោក។
ដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាដំណើរយុទ្ធសាស្ត្រមួយដែលកម្ពុជាត្រូវបង្ហាញពិភពលោកអំពីសមត្ថភាព ភាពចាស់ទុំខាងនយោបាយការបរទេស និង ការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ។ ភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងក្លាយជាសក្ខីកម្មបញ្ជាក់ថា កម្ពុជាគឺជា «ប្រទេសតូច តែមានបេះដូងធំ និងមហិច្ឆតាខ្ពស់» នៅក្នុងសណ្តាប់ធ្នាប់ ពិភពលោកទំនើប។
នោះក៏ជាសក្ខីកម្មឆ្លុះបញ្ចាំងពីសមត្ថភាព និងមោទនភាពជាតិដ៏ធំធេងរបស់កម្ពុជា តាមរយៈការត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយនេះ ដែលកម្ពុជានឹងមិនត្រឹមតែធ្វើជាម្ចាស់ផ្ទះដ៏កក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាអ្នកសម្របសម្រួលរបៀបវារៈនយោបាយ សេដ្ឋកិច្ច និងសន្តិភាពសកលលោកដោយបន្សល់ទុកនូវមរតកការទូតដ៏ឧត្តុង្គឧត្តមសម្រាប់យុវជនជំនាន់ក្រោយ ៕
ដោយ បាន ច័ន្ទតារារិទ្ធ





