បទយកការណ៍៖ ពិធីពូនភ្នំខ្សាច់ បង្កប់ក្នុងជំនឿដែលត្រូវបានប្រតិបត្តិក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យជាច្រើនទៀតរបស់ខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦--ពិធីពូនភ្នំខ្សាច់ ឬដែលយើងហៅម្យ៉ាងទៀតតាមភាសាបាលីថា ”វាលុកចេតិយ” គឺជាទំនៀមទម្លាប់ប្រពៃណី និងសាសនាដ៏យូរលង់របស់ប្រជាជនខ្មែរ ដែលត្រូវបានប្រតិបត្តិនៅក្នុងវត្តអារាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យទានផ្សេងៗទៀត។

ភ្នំខ្សាច់គឺជាគំនរខ្សាច់ដែលត្រូវបានគេពូនជារាងចេតិយ ឬពំនូកខ្សាច់ នៅតាមទីវត្តអារាម ក្នុងជំនឿ និងទំនៀមទម្លាប់ព្រះពុទ្ធសាសនា។
បើតាមអ្នកជំនាញផ្នែកវប្បធម៌ និងសាសនាបានឱ្យដឹងថា ពិធីពូនភ្នំខ្សាច់គឺជាជំនឿមួយនេះ ដែលត្រូវបានគេជឿជាក់ផ្សេងៗគ្នា ដោយខ្លះថា ការទៅពូនភ្នំខ្សាច់ដើម្បីសុំអហោសកម្ម និងរំដោះកម្មទុកជាការសូមអធ្យាស្រ័យចំពោះកំហុសឆ្គង ឬអំពើអកុសលអចេតនាដែលធ្លាប់បានប្រព្រឹត្តន្លងមក។
ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានថ្លែងថា ពូនភ្នំខ្សាច់មាន៣របៀបដែលបានប្រារព្ធធ្វើក្នុងសង្គមខ្មែរ ក្នុងនោះ រួមមាន៖ ទី១. ពូនភ្នំស្រូវ ដោយសារថានៅកន្លែងខ្លះ ប្រជាពលរដ្ឋគាត់យល់ឃើញខ្លួនឯងដោយគាត់ធ្វើស្រូវចេះតែខាត។ ទី២. ពួកគាត់ដាក់ស្រូវពូនអញ្ចឹងទៅដើម្បីឱ្យសម្បូរសប្បាយដែលមានន័យថាឱ្យស្រូវឡើងថ្លៃ ឬធ្វើស្រែឱ្យបានទិន្នផលច្រើនជាដើម។ ចំណែកចំណុចមួយទៀតគេពូនភ្នំស្រូវព្រោះតែទីវត្តខ្វះខាត ហេតុនេះបើព្រះសង្ឃចង់យកស្រូវទៅធ្វើជាអង្ករសម្រាប់ប្រើប្រាស់ក្នុងវត្តក៏បានដែរ។ ឯកឧត្ដមបានបញ្ជាក់ថា ដោយឡែកកន្លែងខ្លះទៀតមានទំនៀមទម្លាប់ពូនភ្នំអង្ករ ហើយរបៀបរបបពូនភ្នំអង្ករក៏ស្រដៀងនឹងរឿងពូនភ្នំស្រូវដែរ ដោយឯកឧត្ដមបានថ្លែងបញ្ជាក់ឱ្យដឹងថា៖ «ទី១. បើខ្វះខាតគេពូនភ្នំអង្ករដើម្បីឱ្យសប្បូរសប្បាយ ទី២. បើព្រះសង្ឃខ្វះខាតអាចយកអង្ករសម្រាប់ទុកឆាន់ ឬទុកលក់ធ្វើបុណ្យទានសម្រាប់ក្នុងវត្ត»។

បើតាមឯកឧត្ដមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ចំពោះការពូនភ្នំខ្សាច់ គឺមានអត្ថន័យថាពូនខ្សាច់ក៏មានប្រយោជន៍សម្រាប់វត្ត ព្រោះនៅពេលផ្សឹកភ្នំខ្សាច់ទៅ ព្រះសង្ឃអាចយកទៅប្រើប្រាស់ សាងសង់ក្នុងវត្ត។ «សម្រាប់ពូនភ្នំខ្សាច់ក៏តំណាង និងឧទ្ទិសការកសាងចេតិយតំកល់បរមសរីរិកធាតុរបស់ព្រះពុទ្ធ។ អ្នកខ្លះយល់ខុសថាពូនភ្នំខ្សាច់រំដោះគ្រោះ តាមពិតកម្មនរណាធ្វើគឺអ្នកនោះទទួលហើយ មិនអាចគ្រាន់តែពូនភ្នំខ្សាច់ជួយបានឡើយ។

សម្រាប់អត្ថន័យពិតប្រាកដពូនភ្នំខ្សាច់តំណាងការកសាងចេតិយ តម្កល់ព្រះបរមសរីរិកធាតុរបស់ព្រះពុទ្ធ។ អីញ្ចឹង ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ មានចំនួន៣គឺពូនភ្នំស្រូវ ពូនភ្នំអង្ករ និងពូនភ្នំខ្សាច់ ដោយក្នុងនេះបញ្ជាក់អត្ថន័យសង្រ្គោះ សម្បូរសប្បាយ និងសម្រាប់តំណាងកសាងចេតិយតម្កល់ព្រះបរមសរីរិកធាតុរបស់ព្រះពុទ្ធ។» នេះគឺជាការបញជាបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ឆាត សុឆេត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា។
ជាមួយគ្នានេះ ឯកឧត្តម ឆាត សុឆេត បានបញ្ជាក់បន្ថែមថា ធ្វើបុណ្យតាមកម្លាំងទ្រព្យលើអ្វីដែលខ្លួនមានពោលគឺមានប៉ុន្មានយើងធ្វើប៉ុណ្ណឹង អ្នកក្រ អ្នកមានធ្វើបានដូចគ្នា ហើយកុំគិតថាខ្លួនក្រធ្វើបុណ្យមិនបាន។ ឯកឧត្ដមបានអះអាងថា៖ «យើងមានសទ្ធាប៉ុន្មានធ្វើប៉ុណ្ណឹងទៅ កុំទៅតាមគេ ឬ ខ្ចីគេ»។

ទាក់ទិននឹងរឿងពិធីពូនភ្នំខ្សាច់នេះដែរ ព្រះតេជគុណព្រះសុមេធិវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការវត្តនន្ទមុនី ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ បានមានសង្ឃដីកាពីរឿងពូនភ្នំខ្សាច់ថា ពិធីសាងវាលុកចេតិយ ឬពូនភ្នំខ្សាច់ តែងតែងត្រូវបានរៀបចំនៅតាមទីវត្តអារាមរបស់ខ្មែរជានិច្ចរាល់ពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យផ្សេងៗទៀត។ព្រះតេជគុណព្រះសុមេធិវង្ស បណ្ឌិត សុខ ប៊ុនធឿន មានសង្ឃដីកាបញ្ជាក់ថា៖ «ការពូនភ្នំខ្សាច់តាមជំនឿនោះគឺអាចរំដោះទុក្ខទោសភយន្តរាយទាំងឡាយឱ្យវិនាសខ្ចាត់ខ្ចាយ និងកសាងមកវិញនូវសេចក្តីសុខ និងរួចផុតពីទុក្ខទោស»។

អ្នកស្រី ជា សុខធឿន រស់នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានពូនភ្នំខ្សាច់នៅវត្ត គិរីមុនីកោសី ស្ថិតនៅឃុំអមលាំង បាននិយាយថា ស្ទើររៀងរាល់បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំ អ្នកស្រីតែងមិនភ្លេចពូនភ្នំខ្សាច់នេះទេពីព្រោះថាអ្នកស្រីចង់រំដោះគ្រោះ ឬឱ្យមានអាយុវែង ព្រោះថាកាលណាបានពូនភ្នំខ្សាច់ខ្មោចព្រាយបិសាចមិនយាយីអាយុជីវិតបានទេ។ ស្រ្តីវ័យ៤៦ឆ្នាំរូបនេះប្រាប់បន្ថែមដែរថា៖ «ខ្ញុំ មានជំនឿបែបនេះដោយសារបានជឿតៗគ្នា ហើយធ្វើហើយបានសេចក្តីសុខក្នុងជីវិតចេះតែធ្វើរៀងរហូតមក។ ខ្ញុំ តែងមកពូនភ្នំខ្សាច់តាំងតែអាយុមិនដល់១០ឆ្នាំទេ កាលនោះឪពុកម្តាយនាំពូនភ្នំខ្សាច់ ហើយចេះធ្វើបន្តបន្ទាប់រហូតដល់ពេលនេះ»។
ដោយឡែកយុវតី សុជាតា ដែលបានចូលពូនភ្នំខ្សាច់នៅវត្តនេះដែរបានប្រាប់ថា បើទោះបីកញ្ញាមិនបានដឹងពីរឿងពូនភ្នំខ្សាច់នេះពិតប្រាកដ តែកញ្ញាធ្វើតាមចាស់ទុំ និងបងប្អូនដែរ។ កញ្ញាបានអះអាងផងដែរថា៖ «វាជាជំនឿរបស់ខ្មែរយើង ម្ល៉ោះហើយពេលបានមកវត្ត ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ បានពូនភ្នំខ្សាច់ ទទួលអារម្មណ៍ថាមានសុវត្តិភាព និងមានសេចក្តីសុខក្នុងអារម្មណ៍ដែរ។

សូមជម្រាបជូនផងដែរថា ជារៀងរាល់បុណ្យភ្ជុំបិណ្ឌ ឬ ចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងពិធីនេះគឺលោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយឱ្យតំណាងព្រះចូលាមណីចេតិយ រួចយកកំណាត់សប្រវែងប្រមាណមួយម៉ែត្រកន្លះ ទៅពានាពាក់ឆៀងព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃសូត្រធម៌ចម្រើនព្រះបរិត្ត នៅធម្មសាលាដោយបន្តអំបោះមកដល់ភ្នំទាំងអស់។ ភ្នំដែលបានឡើងជាអង្គចេតិយហើយ អ្នកណាមួយទៅជាន់រំលង ឬរំលាយមុនគេផ្សឹក ទុកថាទទួលបាប។ ទាក់ទងនឹងរឿងផ្សឹកវាលុកចេតិយ មានប្រវត្តិដូចតទៅ៖ បន្ទាប់ពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែលតែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឱ្យផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខចម្រើនតរៀងទៅ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នកដែលចែកឋានទៅ មានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំណើរការថ្វាយបង្គំព្រះ សមាទានសីលនៅធម្មសាលា។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា ហើយ នៅពេលបញ្ចប់ការរាប់បាត្រ គេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃ ទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់ផ្តើមពិធីនៅភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត។ ជាមួយគ្នានេះដែរ ព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។

បន្ទាប់មកអាចារ្យបានបន្តពិធីនៅខាងក្រៅមុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា៖ «ឥមំ វាលុកចេតិយំ បច្ចក្ខាមិ» ប្រែថា៖ «ខ្ញុំផ្សឹកឥលូវនេះនូវវាលុកចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយ អ្នកណារំលាយក៏គ្មានបាបដែរ។ ទន្ទឹមនេះ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្តប្រគេនព្រះសង្ឃឆាន់ត្រង់ ពេលរសៀលគេជួបជុំគ្នា ដើម្បីនមស្សការថ្វាយបង្គំព្រះ និងអរាធនាព្រះសង្ឃសម្ដែងធម្មទេសនា។ កម្មវិធីជាបន្ត គេនាំគ្នាសម្អាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់(ស្រង់ព្រះ)ជាដើម៕
ដោយ៖ មករា និង ទេស ច័ន្ទសុធារី





