សមាគមវារីវប្បករកម្ពុជានៅកម្ពុជា អំពាវនាវឱ្យសន្សំសំចៃទឹកខ្ពស់
AKP ភ្នំពេញ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៦-- សមាគមវារីវប្បករកម្ពុជានៅកម្ពុជាបានអំពាវនាវឱ្យវារីវប្បករនៅទូទាំងប្រទេសរក្សាទឹកទុកបម្រុង និងប្រើបាស់ទឹកក្នុងលក្ខណ:សន្សំសំចៃខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យពីកង្វះខាតទឹកសម្រាប់វារីវប្បកម្មក្នុងឆ្នាំនេះ។
ការចេញសេចក្តីអំពាវនាវនេះក្រោយក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងមួយស្តីពីស្ថានភាពអាកាសធាតុ និងការបញ្ចប់រដូវវស្សា ឆ្នាំ២០២៦។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា បើផ្អែកលើការតាមដាននិងវិភាគទៅលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាង លិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ប្រព័ន្ធសម្ពាធបរិយាកាសទិសដៅខ្យល់ មូសុងនិរតី និងការវិវត្តនៃប្រព័ន្ធពពកទឹកភ្លៀងក្នុងតំបន់ និងស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា កំពុងឈានទៅរកការផ្លាស់ប្តូរពីរដូវវស្សាទៅរដូវប្រាំង។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាការបញ្ចប់ឥទ្ធិពលរបបខ្យល់មូសុងនិរតី និងការកើនឡើង នៃឥទ្ធិពលខ្យល់មូសុងឦសាន ព្រមទាំងការថយចុះនៃបរិមាណទឹកភ្លៀងជាបន្តបន្ទាប់ នឹងធ្វើឱ្យរដូវវស្សាប្រចាំឆ្នាំ ២០២៦ បញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ(El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ និងធ្វើឱ្យខ្យល់មូសុងឦសាននាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀតដែលអាចកើតមានឡើងនៅក្នុងតំបន់មួយចំនួននៃ ប្រទេសកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយមបានលើកឡើងដែរថាបើ យោងតាមការវិវត្តប្រែប្រួលនេះសាធារណជនចាំបាច់ចូលរួមក្នុងការប្រើប្រាស់ ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់៕

ដោយ៖ មករា





