បទវិចារណកថា៖ សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយការទទួលខុសត្រូវ !
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ -- ប្រជាពលរដ្ឋកម្ពុជា នឹងបានឈប់សម្រាកដើម្បីប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃសៅរ៍ ទី១០ នេះ រហូតដល់ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦ ដូច្នេះសូមអនុមោទនាពិធីនេះប្រកបដោយសេចក្តីសប្បាយរីករាយ ប៉ុន្តែកុំភ្លេចទំនួលខុសត្រូវដើម្បីសុវត្ថិភាព និងមោទកភាពជាតិ។

នៅក្នុងអំឡុងពេលដែលយើងទាំងអស់គ្នាកំពុងតែអនុមោទនារីករាយនឹងការប្រារព្ធពិធីបុណ្យប្រពៃណីដ៏ធំនេះ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងអំពី អាកាសធាតុដែលមានភ្លៀង ផ្គរ រន្ទៈ និងខ្យល់កន្រ្តាក់ ពី៤០ភាគរយ ទៅ៦០ភាគរយ ដោយសារតែឥទ្ធិពលនៃព្យុះណូឡូ និងព្យុះកូហ្គូម៉ា។ ទោះបីជាព្យុះទាំងពីរនេះមិនដើរចំប្រទេសកម្ពុជាមែន ប៉ុន្តែឥទ្ធិពលរបស់វាគឺមានលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង សមុទ្រកម្ពុជា និងប្រទេសកម្ពុជាផងដែរ។

ក្រោមឥទ្ធិពលបែបនេះ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ នៅតំបន់មាត់សមុទ្រអាចមានភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្រ្តាក់ ៤០ភាគរយនៃផ្ទៃដី តំបន់វាលទំនាបគឺរង្វង់ ៥០ភាគរយ ហើយតំបន់ខ្ពង់រាបគឺដល់ទៅ ៦០ភាគរយ ឯណោះ។
នៅក្នុងស្ថានភាពបែបនេះ មុនចេញពីលំនៅស្ថាន គួរមើលទុកដាក់របស់របរដែលងាយខូច និងឆ្លងចរន្តអគ្គីសនីឱ្យខ្ពស់ ប្រសិនបើលំនៅស្ថានយើងនៅតំបន់ទំនាប ហើយធ្លាប់រងការជន់លិចដោយជំនន់ទឹកភ្លៀង។ រឿងជំនន់ទឹកភ្លៀងនេះពិបាកព្យាករឱ្យសុក្រឹតណាស់ ប៉ុន្តែយើងអាចបង្ការបាន ហើយបើប្រុងប្រយ័ត្នឱ្យខ្ពស់ ក៏កាន់តែប្រសើរ ពីព្រោះមុននេះថ្មីៗ គ្រោះទឹកជំនន់ទើបតែជន់ពន្លិចផ្នែកខ្លះនៅក្នុង ៥២ក្រុង-ស្រុក ក្នុងខេត្តចំនួន១០ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ក្រៅពីទឹកជំនន់ នៅពេលធ្វើដំណើរ សូមកុំបើកបរលឿនពេក ប្រុងប្រយ័ត្ន ខ្លាចរអិលគ្រប់គ្រងតុល្យភាពយានយន្តមិនបាន បណ្តាលឱ្យមានគ្រោះថ្នាក់។ ការរក្សាភាពម្ចាស់ការ និងការទទួលខុសត្រូវនៅក្នុងការបើកបរនឹងអាចឱ្យយើងការកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍នៅលើទ្រូងផ្លូវ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ជាឃាតករគ្មានស្រមោល។ សូមយកចិត្តទុកដាក់ ខណៈកាលពីរដូវភ្ជុំបិណ្ឌឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើតមានឡើងដល់ទៅ ១០៣ករណី ហើយបានផ្តាច់ជីវិតមនុស្ស ៦៨នាក់ និង របួស ១៣៦នាក់ ឯណោះ។

ជាមួយគ្នានេះ ពេលទៅណាមកណាសូមមានឆ័ត្រ តង់ ដើម្បីការពារភ្លៀង។ បើនៅក្នុងករណីយើងជួបជុំគ្នាទៅរមណីយដ្ឋាននានា ជាពិសេសកន្លែងដែលជាប់ប្រភពទឹក សូមប្រុងប្រយ័ត្នក្មេងលេងទឹក ចៀសវាង គ្រោះថ្នាក់។ នៅក្នុងករណីទៅភ្នំ គួររកមើលកន្លែងសុវត្ថិភាពប្រយ័ត្នអាចមានគ្រោះរអិលបាក់ដី ។ ក្រៅពីនោះក៏គួរប្រុងប្រយ័ត្នជាមួយសត្វអសិរពិសផងដែរ។ អាកាសធាតុបែបនេះ ក៏អាចសំបូរពពួកសត្វទាំងនេះដែលអាចយាយីដល់សុវត្ថិភាពរបស់យើងបាន។
ដោយឡែករឿងសណ្តាប់ធ្នាប់ និងសោភ័ណភាព ក៏ជាប្រការដែលមិនអាចមើលរំលងបានដែរ។ ពេលទៅវត្តក្តី រមណីយដ្ឋាននានាក្តី គួរចត និងទុកដាក់យានយន្តឱ្យមានសណ្តាប់ធ្នាប់ ហើយសំរាម និងកាកសំណល់ក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ផងដែរ។ យើងទាំងអស់គ្នាជ្រះថ្លានឹងការធ្វើបុណ្យធ្វើទៀន និងជួបជុំគ្នាសប្បាយរីករាយ ប៉ុន្តែកុំឱ្យសៅហ្មងចិត្តដោយសារតែបញ្ហាអសកម្មទាំងនេះ។ បើយើងគោរព និងរៀបចំ ហើយចូលរួមទាំងអស់គ្នា នោះយើងនឹងអនុមោទនារីករាយនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដោយសុខសុវត្ថិភាព និងសប្បាយរីករាយទាំងអស់គ្នា។
សរុបមក ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយនឹងការធ្វើបុណ្យ និងការជួបជុំក្រុមគ្រួសារប្រកបដោយសេចក្តីជ្រះថ្លា និងសុភមង្គល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នចំពោះអាកាសធាតុមិនអំណោយផល គ្រោះទឹកជំនន់ និងគ្រោះជាយថាហេតុផ្សេងៗ។ ទន្ទឹមនឹងនេះ សូមចូលរួមគោរពច្បាប់ចរាចរណ៍ រក្សាសណ្តាប់ធ្នាប់ សម្អាតបរិស្ថាន និងថែរក្សាសុវត្ថិភាពរបស់ខ្លួន ក្រុមគ្រួសារ និងអ្នកដទៃ។ ការសប្បាយរីករាយក្នុងពិធីបុណ្យនឹងកាន់តែមានតម្លៃ នៅពេលយើងទាំងអស់គ្នាចេះទទួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពជាចម្បង។ សូមឱ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ប្រព្រឹត្តទៅដោយសុខសុវត្ថិភាព សេចក្តីសុខ សុភមង្គល និងមោទនភាពជាតិខ្មែរ៕
AKP





