ស្នាមញញឹម និងក្តីរីករាយរបស់ប្រជាពលរដ្ឋ ខណៈទទួលបានសេវារថយន្តក្រុងសាធារណៈឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--- ស្នាមញញឹម និងទឹកមុខសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវារថយន្តក្រុងសា ធារណៈដោយឥតគិតថ្លៃ នៅមណ្ឌលមន្ទីររដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦។ ប្រជាពលរដ្ឋបានបង្ហាញពីក្តីរីករាយ និងការពេញចិត្តចំពោះការយកចិត្តទុកដាក់ របស់ រាជរដ្ឋាភិបាល ក្នុងការសម្រួលការធ្វើដំណើរ និងកាត់បន្ថយបន្ទុកចំណាយជូនប្រជាពលរដ្ឋ។
ពួកគាត់បានលើកឡើងថា ការផ្តល់សេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់គោលដៅនានា ជាពិសេសការជួបជុំក្រុមគ្រួសារ និងការទៅវត្តអារាម ដើម្បីប្រកបកិច្ចការសាសនា តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។


លោក ធុន ពលរដ្ឋម្នាក់ ដែលបានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរដ្ឋដោយឥតគិតថ្លៃបានលើឡើងថា សម្រាប់លោកគឺសប្បាយរីករាយ ហើយរំភើបខ្លាំងមែនទែន ដែលមានរថយន្តដឹកអ្នកដំណើរដោយឥគិតថ្លៃពីភ្នំពេញ មកដល់សៀមរាប ដែលជួយកាត់បន្ថយការចំណាយគួរសម។ជាធម្មតា បើសិន ជាយើងជិះឡានក្រុងដោយខ្លួនឯងត្រូវចំណាយអស់ ប្រមា ណជា៧ ទៅ៨ ម៉ឺនរៀល។
លោកសូមអរគុណដល់រដ្ឋាភិបាលខ្លាំងមែនទែន ដែលគាត់យកចិត្តទុកដាក់។ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះប្រជាជន។ ហើយក៏សូមអរគុណទៅដល់ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបដែលគាត់បានផ្ដល់ទីលានមួយនេះ។ សម្រាប់កន្លែងចតរថយន្តដឹកអ្នកដំណើរពីភ្នំពេញ មកដល់សៀមរាបផងដែរ។


ចំណែកលោក កុសល ក៏បានលើកឡើងដែរថា ក្រៅពីការជួយសម្រាលបន្ទុក ចំណាយដល់ប្រជាពលរដ្ឋ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ក៏ជាការរួមចំណែកលើកកម្ពស់ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលពិធីបុណ្យ ដែលមានការធ្វើដំណើរទៅមកច្រើនផងដែរ៕

ដោយ៖ឃុត សៅ





