គម្រោងរេដបូកកែវសីមាបង្ហាញសម្រស់ធម្មជាតិសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- ក្រៅពីតំបន់ទេសចរណ៍ល្បីៗក្នុងខេត្តមណ្ឌលគិរី មានទីតាំងទេសចរណ៍មួយដែលសម្ងំលាក់ខ្លួនក្នុងព្រៃធម្មជាតិ កំពុងរង់ចាំស្វាគមន៍អ្នកទេសចរណ៍មកទស្សនាកម្សាន្តនោះ គឺ សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង (Chy Ang Community Based Ecotourism)។
ប្រភពពីគម្រោងរេដបួកកែវសីមាបានឱ្យដឹងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ថា មានទីតាំងស្ថិតនៅតំបន់ទេសភាពដ៏ស្រស់ត្រកាលនៃដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង មិនត្រឹមតែជាកន្លែងសម្រាប់ទស្សនា និងថតរូបប៉ុណ្ណោះទេ។ ទីនេះផ្តល់ឱ្យភ្ញៀវទេសចរនូវបទពិសោធន៍ពីធម្មជាតិ ដែលរួមចំណែកគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។ នៅទីនេះ ភ្ញៀវទេសចរអាចស្វែងយល់ពីសម្រស់ធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន និងស្វែងយល់ពីមរតកវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិចព្នង។

តាមរយៈការដឹកនាំរបស់សហគមន៍ជនជាតិដើមភាគតិចព្នងភូមិពូញ៉ាវ និងការគាំទ្រពីគម្រោងរេដបូកកែវសីមា ភ្ញៀវទេសចរអាចរីករាយជាមួយសកម្មភាពជាច្រើន ដូចជា ដើរទស្សនាព្រៃព្រឹក្សានៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្វែងយល់ពីការស់នៅរបស់សត្វព្រៃនៅក្នុងទីជម្រកធម្មជាតិ ហែលទឹកលេងកំសាន្តនៅទីតាំងទឹកធ្លាក់ដ៏ត្រជាក់ស្រស់ស្រាយ ពិសារម្ហូបប្រចាំតំបន់របស់ជនជាតិដើមភាគតិច ទទួលបទពិសោធន៍ស្នាក់នៅផ្ទះស្នាក់របស់សហគមន៍ ស្វែងយល់ពីវប្បធម៌ និងប្រពៃណីដ៏អស្ចារ្យរបស់ជនជាតិដើមភាគតិចព្នង។


រាល់ការមកទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងការអភិវឌ្ឍន៍សហគមន៍។ ការមកទស្សនារបស់ភ្ញៀវទេសចរ គឺជាការបង្កើតឱកាសសម្រាប់សហគមន៍មូលដ្ឋានក្នុងការប្រកបរបរប្រកបដោយចីរភាព ពង្រឹងសមត្ថភាពសហគមន៍ និងជម្រុញការការពារធនធានធម្មជាតិដែលពួកគេតែងអាស្រ័យផល។ សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង មានទីតាំងស្ថិតនៅ ភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៩៥៣ ០៤៩៨ / ០៨៨ ៩៨០ ៦០២៦៕


ដោយ ណយ នឿន (ប្រភព៖ គម្រោងរេដបួកកែវសីមា)





