សម្ដេចធិបតី៖ ការវិនិយោគលើសុខភាព គឺស្មើនឹងការវិនិយោគលើអនាគតជាតិ
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, សម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី, នៅរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនោះ, សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលតែងតែខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការផលិតធនធានមនុស្សសុខាភិបាលនៅកម្ពុជា ប្រកបដោយ ជំនាញច្បាស់លាស់, សីលធម៌វិជ្ជាជីវៈ និង មនុស្សធម៌ អស់រយៈពេលប្រាំបីទសវត្សរ៍កន្លងមក, ក្នុងនោះ និស្សិតដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យនៅសាកលវិទ្យាល័យ សរុបជាង ៣ ម៉ឺននាក់, ខណៈដែលនិស្សិតទទួលបានការងារក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា មានរហូតដល់ជាង ៩៦% ។ ទន្ទឹមនេះ, សាកលវិទ្យាល័យបាន និង កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស, ឆ្លុះបញ្ចាំង តាមរយៈ ការវិនិយោគជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និង មិនរូបវន្ត។ សម្តេចធិបតីបានអបអរសាទរ និង កោតសរសើរចំពោះនិស្សិតជ័យលាភី ដែលបានខិតខំ, អត់ធ្មត់ ឆ្លងកាត់ការសិក្សា រហូតទទួលបានជោគជ័យគួរជាទីមោទនៈ នាពេលនេះ ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនិស្សិតជ័យលាភី នឹងយកចំណេះដឹង និង ជំនាញដែលបានក្រេបជញ្ជក់ ទៅបំពេញតួនាទីជាអ្នកផ្តល់សេវាសុខាភិបាល, អ្នកស្រាវជ្រាវ, អ្នកអប់រំ, អ្នកគ្រប់គ្រង, និង ជាអ្នកដឹកនាំសុខភាព នាពេលអនាគត ប្រកបដោយសីលធម៌វិជ្ជាជីវៈ, សុចរិតភាព, គុណធម៌, វិន័យ និង ការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ ។ សម្តេចធិបតីក៏បានយកឱកាសនេះ ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ, សាស្រ្តាចារ្យ និង បុគ្គលិកសិក្សា នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ថា «៨០ឆ្នាំមុន គឺជាមរតកដ៏មានតម្លៃ, ខណៈដែល ៨០ឆ្នាំក្រោយ គឺជាបេសកកម្មដ៏អស្ចារ្យ» ដោយត្រូវពុះពារប្រែក្លាយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទៅជាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ឈានមុខមួយក្នុងតំបន់ ដែលមានការបណ្តុះបណ្តាលប្រកបដោយគុណភាព, មានការស្រាវជ្រាវប្រកបដោយកម្មវិបាក, និង មានប្រតិបត្តិការប្រកបដោយនវានុវត្តន៍ សំដៅកសាងមូលធនមនុស្សក្នុងវិស័យសុខាភិបាល ឆ្ពោះទៅការសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ខាងមុខ ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា តួអង្គសំខាន់ចំនួន ៣ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តបេសកកម្មរបស់គ្រឹះស្ថានបណ្តុះបណ្តាល គឺ៖ ១/ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង, ២/ សាស្ត្រាចារ្យ និងបុគ្គលិកសិក្សា និង ៣/ និស្សិត។ តួអង្គទាំងបីនេះ ជាអ្នកកំណត់ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា សុខភាពមិនត្រឹមតែជាបញ្ហាបុគ្គល, គ្រួសារ និង សង្គមប៉ុណ្ណោះទេ, ប៉ុន្តែ ជាមូលដ្ឋានគ្រឹះនៃគុណភាពធនធានមនុស្ស, ផលិតភាពការងារ និង កំណើនសេដ្ឋកិច្ច ។ ដូច្នេះ, ការវិនិយោគលើសុខភាព គឺស្មើនឹងការវិនិយោគលើអនាគតជាតិ ។ ការលើកកម្ពស់សុខភាពសាធារណៈ ត្រូវផ្តោតលើប្រព័ន្ធសុខាភិបាលទាំងមូល, ពោលគឺ ត្រូវផ្តោតលើ ការការពារជំងឺ, ថែទាំសុខភាពបឋម, រកឃើញជំងឺឱ្យបានឆាប់, ព្យាបាលឱ្យបានជា, និង ស្តារនីតិសម្បទាឱ្យដូចដើម ។ រាជរដ្ឋាភិបាលក៏បានបង្កើត «មូលនិធិសមធម៌សុខាភិបាល» ជាកម្មវិធីដែលរដ្ឋបង់ថ្លៃសេវាជំនួសប្រជាពលរដ្ឋ រាល់ពេលទៅមណ្ឌលសុខភាព និង មន្ទីរពេទ្យ, ព្រមទាំង ផ្តល់ជំនួយសង្គមនានា (ក្នុងករណីចាំបាច់) ដើម្បីឱ្យពលរដ្ឋមានលទ្ធភាពទៅពេទ្យ និង ទទួលបានសុខភាពល្អ ។ បច្ចុប្បន្ន, «មូលនិធិសមធម៌សុខាភិបាល» មានក្រុមគោលដៅ ចំនួន ៣ គឺ៖ ក្រុមទី១. ប្រជាពលរដ្ឋក្រីក្រ, ក្រុមទី២. គ្រួសារងាយរងហានិភ័យ, និង ក្រុមទី៣. កម្មករនិយោជិតក្រៅប្រព័ន្ធ, កីឡាករ-កីឡាការនី, កម្មករធាក់ស៊ីក្លូ, បុគ្គលិក អ្នកជំនាញដោះមីន, ស្រ្តីបម្រើការងារផ្នែកសេវាកំសាន្ត, និង មេភូមិ អនុភូមិ ជំនួយការភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងអាហារតាមសាលារៀន និងបានអនុវត្តកម្មវិធីឧបត្ថម្ភអាហារូបត្ថម្ភជូនសិស្សក្នុងសហគមន៍ ដោយសហការជាមួយអង្គការ World Food Program (WFP) និងប្រើប្រាស់ថវិការដ្ឋនៅតាមសាលាចំនួន ១ ១១៤ ដែលសិស្សទទួលផលមានការកើនឡើងពីជាង ១១ ម៉ឺននាក់ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ ៣០ ម៉ឺននាក់ក្នុងឆ្នាំ២០២៦ ព្រមទាំងមានផែនការទទួលបន្ទុកចំណាយដោះស្រាយដោយរដ្ឋទាំងស្រុងនៅឆ្នាំ ២០២៨ ក៏ដូចជាគ្រោងពង្រីកបន្ថែមតាមជំហានៗ។ លើសពីនេះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ សម្រេចបានអ្នកទទួលផលរហូតដល់ជាង ២,២៥ លាននាក់ ក្នុងឆមាសទី១ ឆ្នាំ ២០២៦ នេះ ដែលជាការកើនឡើង ១០៣% ធៀបនឹងឆ្នាំ ២០២៣ ដែលមានប្រមាណ ១,១លាននាក់។ បន្ថែមពីនេះ, សម្តេចធិបតីបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ដើម្បីការពារសុខភាពសាធារណៈ, រាជរដ្ឋាភិបាលបានដាក់ចេញវិធានការចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលជាលទ្ធផលបានកាត់បន្ថយប៉ាន់ណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងធំៗឱ្យនៅសល់ត្រឹមប្រមាណ ១៧% ព្រមទាំងបានសម្រេចឱ្យបញ្ចប់ទាំងស្រុងនូវការផលិតគ្រឿងស្រវឹងដែលមានដាក់ក្រវិលរង្វាន់ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦នេះ។ចំពោះបារីអេឡិចត្រូនិក (HTPs), រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ ដោយមិនទទួលការវិនិយោគលើការផលិតផលិតផលនេះ ព្រមទាំងហាមឃាត់ការនាំចូល, ការជួញដូរ, ការចែកចាយ, ការផ្សព្វផ្សាយ និងការជក់បារីអេឡិចត្រូនិកនៅគ្រប់ទីកន្លែង ជាពិសេសនៅតាមគ្រឹះស្ថានសិក្សា និងទីសាធារណៈ ព្រមទាំងការហាមឃាត់ដាច់ខាតចំពោះការដាំកញ្ឆានៅកម្ពុជា។
មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានបញ្ជាក់អំពីសង្គ្រាមកម្ពុជា-ថៃ យ៉ាងច្បាស់ថា កម្ពុជាមិនដែលចង់មានសង្គ្រាមនោះទេ ប៉ុន្តែត្រូវតែការពារសិទ្ធិសេរីភាព, កិត្តិយស និងអធិបតេយ្យភាពជាតិ។ សម្ដេចបានគូសបញ្ជាក់ឡើងវិញថា សេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានចែងលក្ខខណ្ឌច្បាស់ក្នុងការផ្អាកការបាញ់ និងរក្សាការឈរជើង ព្រមទាំងការវាស់វែងដើម្បីកំណត់ខ្សែព្រំដែន ដែលផ្អែកលើការវាស់វែងតាមសន្ធិសញ្ញា និងអនុសញ្ញាជាមរតកអាណានិគមបារាំង ដោយមិនមែនជាការឈប់បាញ់ដើម្បីឱ្យដីទៅបរទេសឡើយ។ ស្របពេលជាមួយគ្នា, រាជរដ្ឋាភិបាល បានចេញវិធានការសង្គ្រោះ និងជំនួយយ៉ាងទូលំទូលាយដល់ពលរដ្ឋភៀសសឹកប្រមាណ ៧០ម៉ឺននាក់ ដោយរាជរដ្ឋាភិបាលបានចែកចេញជាពីរក្រុមគឺ ទី១-ក្រុមប្រជាពលរដ្ឋដែលអាចវិលត្រឡប់ទៅកាន់ផ្ទះវិញ ដោយរាជរដ្ឋាភិបាលបានជួយផ្ដល់នូវថវិកាសម្រាប់ជួសជុលផ្ទះវិញទៅតាមកម្រិតនៃការខូចខាតរបស់គ្រួសារនីមួយៗ និងបោសសម្អាតគ្រាប់មីនឱ្យបានស្អាតដើម្បីធានាថាពេលប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញនឹងមិនមានបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងក្រុមទី២-ក្រុមប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ ដោយរាជរដ្ឋាភិបាលបានរៀបចំផ្ទះជនភៀសសឹកបណ្ដោះអាសន្នដែលមានចំនួនប្រមាណ៥ពាន់ខ្នង ដោយបានតភ្ជាប់បណ្ដាញអគ្គិសនី, ទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ និងបានថវិកាឧបត្ថម្ភសម្រាប់គ្រួសារនីមួយៗ៕

ដោយ៖ គង់ សិរីរ័ត្ន





