ឯកឧត្តម គួច ចំរើន កោតសរសើរស្រុកល្វាឯមថាមានបទល្មើសចោរលួច ចោរឆក់ ក្មេងទំនើង តិចតួចបំផុត
AKP កណ្ដាល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល កោតសរសើរដល់ស្រុកល្វាឯម ដែលជាស្រុកមួយមានបទល្មើសចោរលួច ចោរឆក់ ក្មេងទំនើង និងបញ្ហាប្រឈមផ្សេងៗទៀតតិចតួចបំផុត បើធៀប និងក្រុង-ស្រុកដទៃ ក្នុងខេត្តកណ្ដាល ដូចនេះលោកអភិបាលស្រុកល្វាឯមថ្មី ត្រូវធ្វើការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ដែលនៅមានសេសសល់តិចតួចនេះ ដោយប្រើប្រាស់វិធានការ ទប់ស្កាត់ បង្ក្រាប អប់រំ និងណែនាំ កុំឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនកាន់តែល្អប្រសើរបន្ថែមទៀត។

ការកោតសរសើរនេះធ្វើឡើងក្នុងពេលឯកឧត្តមចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកល្វាឯម នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅសារប្រជុំសាលាស្រុកល្វាឯម។


សូមបញ្ចាក់ផងដែរថា តាមអនុក្រឹត្យលេខ ៧៩៧ អនក្រ.តត ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវបានផ្ទេរភារកិច្ចលោក ឃឹម សំភា ពីអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ មកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ជំនួសលោក លីវ វណ្ណថេង ដែលត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ៕

ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





