កម្ពុជា-ព្រីតថេន នឹងរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នាលើកទី៤ នៅដើមឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- ក្រសួងពាណិជ្ជកម្ម និងព្រីតថេន គ្រោងនឹងរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងព្រីតថេន លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងដើមឆ្នាំ២០២៧ ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញកំណើនប្រកបដោយចីរភាព។
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយឯកឧត្ដម ដូមីនិក វីល្លៀម ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ប្រភពដដែលបានបន្តថា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីទិសដៅការងារបន្តពាក់ព័ន្ធនឹងការត្រៀមសហការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងព្រីតថេន លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងដើមឆ្នាំ២០២៧ខាងមុខនេះ។
វេទិកាពាណិជ្ជកម្ម និងការវិនិយោគរួម គឺជាវេទិកាទ្វេភាគីដ៏សំខាន់មួយសម្រាប់ការសន្ទនាអំពីគោលនយោបាយប្រកបដោយលក្ខណៈជាប្រព័ន្ធ កិច្ចសហប្រតិបត្តិការលើការចូលទៅកាន់ទីផ្សារ និងការចូលរួមសហការរវាងវិស័យសាធារណៈ និងឯកជនរវាងកម្ពុជា និងចក្រភពអង់គ្លេស។
បន្ថែមពីនេះ វេទិកានេះប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ ស្ថាប័ននិយតកម្ម អ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ច ដើម្បីជំរុញពាណិជ្ជកម្មទៅវិញទៅមក កាត់បន្ថយរបាំងនានា និងពង្រឹងភាពជាដៃគូផ្នែកពាណិជ្ជកម្ម និងការវិនិយោគរយៈពេលវែង។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសបានកើនលើស១ពាន់លានដុល្លារអាមេរិក៕
ដោយ៖ ស្រីពេជ្រ





