ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត
AKP កំពង់ស្ពឺ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាច្រើនរូប។

របៀបវារៈនៃកិច្ចប្រជុំមានជាអាទិ៍៖ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត។ ២. ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែ កញ្ញា ឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្ត។ ៣. ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្តសម្រាប់ខែ កញ្ញា ឆ្នាំ ២០២៦។ ៤. បញ្ហាផ្សេងៗ និង៥. មតិបូកសរុបបិទកិច្ចប្រជុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តលើការអនុវត្តការងារតាមផែនការ និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាខេត្ត និងបានជំរុញឱ្យមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងប្រសិទ្ធភាព ព្រមទាំងពង្រឹងកិច្ចសហការ ដោះស្រាយបញ្ហាប្រឈម និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។

ចំណែកឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត គឺជាយន្តការដ៏សំខាន់សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ក៏ដូចជាកំណត់ទិសដៅសម្រាប់ការងារបន្ត។ ឯកឧត្តមបានជំរុញឱ្យគ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ ពិសេសការបម្រើប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ការអនុវត្តផែនការអភិវឌ្ឍន៍ និងការដោះស្រាយសំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការសហការរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដើម្បីធានាឱ្យការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងរួមចំណែកដល់ការអភិវឌ្ឍខេត្តកុះពង់ស្ពឺឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់៕

ដោយ៖ ម៉ែន ប៊ុនធីម





