មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺរៀបចំពិធីបើកសម្ពោធ "យុទ្ធនាការផលិតផលជាតិ Made in Cambodia"
AKP កំពង់ស្ពឺ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ឈៀង សិលា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ងួន វាសនា អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញជាគណ:អធិបតី ក្នុងពិធីបើកសម្ពោធ "យុទ្ធនាការផលិតផលជាតិ Made in Cambodia" ដើម្បីជំរុញ គាំទ្រ សហគ្រាសធុនតូច និងមធ្យម SMEs សិប្បកម្ម និងកែច្នៃក្នុងស្រុកមានឱកាសបង្ហាញសក្តានុពលផលិតផលរបស់ខ្លួនបញ្ជ្រាបចូលក្នុងទីផ្សារ ពិធីនេះមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ម្ចាស់ផ្សារទំនើប ម៉ាត មីនីម៉ាត និងសិប្បកម្មផលិត និងកែច្នៃក្នុងស្រុកសហគ្រាសធុនមីក្រូ តូចនិងមធ្យម ជាច្រើនកុះករ។ ពិធីដែរប្រារព្ធធ្វើ នៅបរិវេណសួនសម្តេច ព្រះសង្ឃរាជ ជួន ណាត។

លោក ញ៉ឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា យុទ្ធនាការលើកកម្ពស់ផលិតផលជាតិនេះ ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្មក្នុងស្រុក ព្រមទាំងបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត ដែលកំពុងប្រតិបត្តិការ។ ពួកគាត់គឺជាតួអង្គសំខាន់ក្នុងការរួមចំណែកជំរុញការប្រើប្រាស់ ផ្សព្វផ្សាយផលិតផលខ្មែរ និងបង្កើតបណ្តាញភ្ជាប់ទីផ្សារ ដោយមានការសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកប្រធានមន្ទីរបានបន្ថែមថា ការរៀបចំនៅពេលនេះគឺជាការបន្តស្មារតីនៃយុទ្ធនាការ «Made in Cambodia» លើកដំបូង ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ នៅផ្សារទំនើបជីបម៉ុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ដើម្បីពង្រីកការផ្សព្វផ្សាយទីផ្សារផលិតផលក្នុងស្រុកឱ្យទៅដល់កម្រិតមូលដ្ឋាន ក្រសួងពាណិជ្ជកម្មបានណែនាំឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ រៀបចំយុទ្ធនាការស្រដៀងគ្នានេះនៅតាមភូមិសាស្ត្រដែនដីរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ លោក ងួន វាសនា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវ និងមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ ឬផលិតផលកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីលើកស្ទួយជីវភាពកសិករ និងសិប្បករខ្មែរ។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់អាជីវករ និងសហគ្រិនទាំងអស់ ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព អនាម័យ និងការវេចខ្ចប់ផលិតផលឱ្យកាន់តែមានស្តង់ដារ ព្រមទាំងស្នើសុំឱ្យបណ្តាម្ចាស់ផ្សារទំនើប ម៉ាត មីនីម៉ាត និងអាជីវករទាំងអស់ បន្តបើកទូលាយ និងផ្តល់អាទិភាពក្នុងការដាក់លក់ផលិតផលក្នុងស្រុកដែលទទួលដោយស្ថាប័នជំនាញ (ច.ប.ផ) ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

បន្ទាប់ពីបានថ្លែងសុន្ទរកថាបើកជាផ្លូវការរួចមក គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បានអញ្ជើញដើរទស្សនាតាមស្តង់ពិព័រណ៍ផលិតផលក្នុងស្រុកជាច្រើនកន្លែង ដែលបានដាក់តាំងបង្ហាញផលិតផលកសិកម្ម ផលិតផលកែច្នៃ និងសិប្បកម្មយ៉ាងសម្បូរបែប។ ក្នុងឱកាសដើរទស្សនានោះ លោកអភិបាលរងខេត្តបានជួបសំណេះសំណាលផ្ទាល់ជាមួយម្ចាស់សហគ្រាស និងអាជីវករ សាកសួរពីដំណើរការផលិត ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ដោយលោកបានសម្តែងនូវការកោតសរសើរ និងផ្តល់កម្លាំងចិត្តដល់សិប្បករទាំងអស់ឱ្យបន្តខិតខំកែច្នៃ និងពង្រីកសក្តានុពលផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ អាចប្រកួតប្រជែងបានទាំងទីផ្សារក្នុងស្រុក និងឈានទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត។ «ផលិតផលខ្មែរ ប្រើប្រាស់ផលិតផលខ្មែរ គឺជាការចូលរួមគាំទ្រអ្នកផលិតក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ»៕
ដោយ៖ ម៉ែន ប៊ុនធីម





