ស្បៃខ្មែរ បង្ហាញពីអរិយធម៌ដ៏រុងរឿងរបស់ដូនតា ដែលមនុស្សយុគសម័យថ្មីចូលរួមអភិរក្ស និងថែរក្សាការពារ
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦–ក្នុងការសិក្សាប្រវត្តិសាស្ត្រ និងភស្តុតាងបុរាណវិទ្យាបង្ហាញថា សម្លៀកបំពាក់ប្រពៃណីខ្មែរមានការវិវត្តអស់រយៈពេលជាច្រើនសតវត្សរ៍។ជាមួយគ្នានេះ ស្បៃជាផ្នែកមួយនៃសម្លៀកបំពាន់នេះ និងក៏ជាបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលមានឫសគល់ជាប់ទាក់ទងនឹងអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន និងបានបន្តប្រើប្រាស់ពីមួយជំនាន់ទៅមួយជំនាន់រហូតដល់បច្ចុប្បន្ន។
ថ្លែងក្នុង សិក្ខាសាលាតម្រង់ទិសស្បែខ្មែរ និងរបៀបប្រើក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ”ដែលបានរៀបចំឡើងនៅរសៀលថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២៦លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងថា៖ស្បៃត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងឈុតប្រពៃណីជាតិ ពិធីមង្គលការ ក្នុងនេះដូចជា ព្រះថោងតោងស្បៃ និងការសម្តែងសិល្បៈបុរាណជាដើម។អាពាហ៍ពិពាហ៍ និងសម្លៀកបំពាក់បុរាណរបស់ខ្មែរគឺជាដួងព្រលឹងជាដង្ហើម ហើយក៏ជាអរិយធម៌ដ៏ចំណាស់របស់ជាតិយើង។អាពាហ៍ពិពាហ៍បានឆ្លងកាត់រាប់សិបពាន់ឆ្នាំមកហើយ។ប្រពៃណីនេះក៏ដូចជាបណ្តាប្រទេសដទៃទៀតដែរ។ទោះបីយ៉ាងណាខ្មែរយើងមានលក្ខណៈពិសេសមួយគឺការគោរពមាតាជាធំជាគោលការណ៍នៃឬសគល់នៃសង្គមខ្មែរ។ប្រទេសខ្លះគោរពឪពុកជាធំ ប៉ុន្តែខ្មែរគឺជាមាតាជាធំ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌បានថ្លែងដែរថាតាមរយៈស្បៃនេះគឺដូនតាខ្មែរបានប្រើប្រាស់យូរលង់ជាភស្ថុតាងជាក់ស្តែងគឺពេលរៀបអាពាហ៍ពិពាហ៍ខ្មែរយើងឱ្យស្វាមីតោងស្បៃភរិយាដែលជាការឱ្យតម្លៃមួយខ្ពស់ណាស់សម្រាប់ស្រ្តី។ជាងនេះទៅទៀតភស្ថុតាងជាក់ស្តែងសម័យអង្គរដ៏រុងរឿងបំផុតរបស់ខ្មែរក៏បានបង្ហាញពីការបានចារឹក លើផ្ទាំងថ្ម ដល់តម្លៃវប្បធម៌ សិល្បៈ ,សេដ្ឋកិច្ចដ៏រុងរឿងនាយុគសម័យនោះ។
ជាមួយវប្បធម៌ដ៏រុងរឿងរបស់ដូនតាខ្មែរនេះដែរ លោកជំទាវ រដ្ឋមន្រ្តី បានថ្លែងថាបើទោះបីប្រទេសជិតខាង ឬពួកជ្រុលនិយមមួយចំនួនបានខិតខំបំភ្លៃការពិត និងប៉ុនប៉ង ដណ្តើមវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរក៏ដោយក៏មិនអាចធ្វើទៅបានដែរ ដោយក្នុងនេះយើងត្រូវតែរួបរួមគ្នាថែរក្សាការពារ និងប្រឆាំងរាល់ការបៀតបៀនដោយប្រការណាមួយ។ខ្មែរយើងមានទាំងវប្បធម៌ប្រពៃណី មានរូបចម្លាក់ មានបុរាណវត្ថុ យើងមានប្រពៃណីរស់។ជាងនេះការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ជាមរតករបស់យើងជាសក្ខីភាពផ្ទាល់របស់យើងទាំងអស់គ្នា ដែលជួយការពារ។ប្រវត្តិសាស្រ្តខ្មែរមិនមែនរស់នៅលើសៀវភៅ មិនមែន រស់នៅថ្មប្រាសាទនោះទេគឺរស់នៅលើពលរដ្ឋ រស់នៅលើការចងចាំ រស់នៅការអនុវត្ត និងក្នុងបេះដូងរបស់យើងគ្រប់ៗគ្នា។


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានប្រាប់ដល់ប្រជាពលដ្ឋដែលប្រកបរបរទៅលើវិស័យវប្បធម៌ ក្នុងនេះដូចជាអ្នកសិល្បៈ អ្នកសម្អាងការដែលទាក់ទងដោយផ្ទាល់ជាមួយអាពាហ៍ពិពាហ៍ខ្មែរគមិនត្រឹមតែជាមុខរបរប្រចាំថ្ងៃទេ គឺជាមុខរបរនៃវិជ្ជាជីវៈ ដ៏មានកិត្តិយស និងក៏ជាទូតវប្បធម៌ ហើយក៏ជាឆ្មាំចាំការពារកេរ្តិ៍ដំណែលខ្មែរដែរ។ហេតុនេះត្រូវចេះសគាល់តម្លៃ ស្គាល់ប្រយោជន៍របស់វា។ត្រូវចេះការពារតម្លៃវប្បធម៌ ត្រូវចេះប្រវត្តិ។មិនត្រូវច្នៃប្រឌិតខុសរហូតដល់គេមើលឃើញថាចម្លងគេ ដែលនាំឱ្យបាត់បង់ទម្រង់របស់ខ្មែរ។យើងត្រូវចេះច្នៃប្រឌិតបែបខ្មែរបុរាណ ដែលជារបស់ខ្មែរយើង។


គួរបញ្ជាក់ថាប្រវត្តិស្បៃខ្មែរក្នុងវប្បធម៌ខ្មែរ ត្រូវបានបញ្ជាក់តាម រយៈភស្តុតាងប្រវត្តិសាស្ត្រជាច្រើនដូចជាបដិមា សិលាចារឹក ចម្លាក់ សាស្ត្រា ក្រាំង និងគំនូរ បុរាណ ហើយឆ្លងកាត់ពេលវេលា និងការវិវត្ត ជាបន្តបន្ទាប់ពីសម័យកាលមួយទៅសម័យកាល មួយទៀតដូចជាសម័យអង្គរ,សម័យក្រោយអង្គរនោះជាដើម៕
ដោយ៖មករា





