ថ្នាក់ដឹកនាំខេត្តអញ្ជើញ ចូលរួមកាន់បិណ្ឌវេនទី១០ និងនាំយកទេយ្យទានប្រគេនដល់វត្តចំនួន៤ ក្នុងក្រុងកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី៦ ខែ តុលាឆ្នាំ២០២៦--ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត កំពង់ចាម ដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ ចាមនិងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្ត មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋានរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តទាំងជិត ទាំងឆ្ងាយ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញ ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាមនិងបាន នាំយកទេយ្យទានប្រគេនដល់វត្តចំនួន៤ ក្នុងក្រុងកំពង់ចាមផងដែរ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ដល់បុពការីជន ជាពិសេស វិរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។ 
ក្នុងឱកាសអញ្ជើញចូលរួមរួមកាន់បិណ្ឌឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមរួម អ៊ុន ចាន់ដា និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ បានធ្វើកិច្ចនមស្សការចំពោះគុណព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងញាតិការទាំង ៧ សន្តាន ព្រមទាំងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ និងរាប់បាត្រឧទ្ទិសកុសលជូនដល់វីរកងទ័ព និងបុព្វការីជនដែលបានធ្វើកាលកិរិយាទៅកាន់បរលោក ជាពិសេស វិរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាតាមគន្លងប្រពៃណី នៃព្រះពុទ្ធសាសនា។ 
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ឱ្យបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពកក់ក្តៅជូនពួកគាត់ក្នុងការធ្វើដំណើរមកធ្វើបុណ្យទានក្នុងរដូវកាលភ្ជុំបិណ្ឌនេះ។ 
បុណ្យភ្ជុំបិណ្ឌពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់របស់អ្នកកាន់ព្រះពុទ្ធសាសនា ដែលមាន ពិធីបុណ្យកាន់ បិណ្ឌ និង បុណ្យ ភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ៕


ដោយ៖ ឆាយ ម៉ុត





