មិនភ្លេចគុណវីរជនការពារជាតិក្រសួង ការពារជាតិនាំអំណោយទៅសួរសុខទុក្ខយោធិនពិការគូលែន៣១៧ ក្នុងឱកាសភ្ជុំបិណ្ឌ
AKP សៀមរាប ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខយោធិនពិការ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅគិលានដ្ឋាន នៃមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងបាននាំយកអំណោយតផ្តល់ជូនដល់យោធិនពិការ និងគ្រួសារចំនួន ២៧០គ្រួសារ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌល។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានលើកឡើងថា ការចុះសួរសុ ខទុក្ខ និងនាំយកអំណោយមកចែកជូននាពេលនេះ គឺជាការបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យោធិនពិការ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ រហូតធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ឯកឧត្តមបានកោតសរសើរចំពោះមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន៣១៧ ដែលបានអនុវត្តការងារសង្គមយ៉ាងសកម្ម និងមានប្រសិទ្ធភាព។

ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីជាបងប្អូនជាយោធិនពិការក៏ដោយ ប៉ុន្តែពួកគេនៅតែរក្សាបាននូវឆន្ទៈស្នេហា ជាតិដ៏មុតមាំ និងបានចូលរួមចំណែកក្នុងការផ្គត់ផ្គង់ស្បៀងអាហារជួយដល់ប្រជាពលរដ្ឋខ្វះខាត គ្រួសារកងទ័ព និងបងប្អូនភៀសសឹកនាពេលកន្លងមក៕


ដោយ៖ ឃុត សៅ





