អាល្លឺម៉ង់សន្យាផ្តល់កញ្ចប់ជំនួយថ្មីផ្នែកយោធា និងថាមពលដល់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ -- យោងតាមការប្រកាសរបស់លោក ហ្វ្រីដ្រីច មឺស (Friedrich Merz) ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងគៀវកាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់បានសន្យាផ្តល់កញ្ចប់ជំនួយយោធាថ្មីមួយដល់អ៊ុយក្រែនដែលមានតម្លៃប្រហែល ១ប៊ីលានអឺរ៉ូ (ប្រហែល ១,១៣ប៊ីលានដុល្លារអាម៉េរិក) ។
យោងតាមរដ្ឋាភិបាលអាល្លឺម៉ង់បានឱ្យដឹងថា កញ្ចប់ជំនួយយោធាថ្មីនេះផ្តោតសំខាន់លើសមត្ថភាពការពារដែនអាកាស រួមទាំងការផលិតរួមគ្នានូវមីស៊ីលស្ទាក់ចាប់សម្រាប់ប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក (drone) ប្រភេទប្រើម៉ាស៊ីនយន្តហោះចម្បាំង។
លោក មឺស បានកត់សម្គាល់ថា ភាពជោគជ័យផ្នែកបច្ចេកទេសថ្មីៗនៅក្នុងវិស័យនេះ នឹងជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនឱ្យកាន់តែរឹងមាំយ៉ាងឆាប់រហ័ស។
ប្រទេសអាល្លឺម៉ង់ក៏នឹងផ្តល់ជូននូវអាវុធរយៈចម្ងាយឆ្ងាយ បច្ចេកវិទ្យាផ្កាយរណប និងយន្តហោះគ្មានមនុស្សបើកសម្រាប់ប្រយុទ្ធដល់អ៊ុយក្រែនផងដែរ។
លើសពីនេះ ប្រទេសអាល្លឺម៉ង់នឹងផ្តល់ថវិកាប្រហែល ៣៥០លានអឺរ៉ូ(៣៩៤លានដុល្លារអាម៉េរិក) ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន មុនពេលរដូវរងាចូលមកដល់។
នេះគឺជាដំណើរទស្សនកិច្ចលើកទីពីររបស់លោក មឺស ទៅកាន់ទីក្រុងគៀវ ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីឆ្នាំមុន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





