រដ្ឋមន្ត្រីក្រសួងអប់រំជំរុញឱ្យពង្រឹងមូលដ្ឋានគ្រឹះនៃការអប់រំចាប់តាំងពីកម្រិតកុមារតូច ពោលគឺក្នុងរយៈពេល ១០០០ថ្ងៃដំបូង
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងការវាយតម្លៃតេស្តក្នុងកម្មវិធីអន្តរជាតិសម្រាប់ការវាយតម្លៃសិស្ស ដែលហៅកាត់ថា PISA ប្រកបដោយលទ្ធផលកាន់តែគាប់ប្រសើរ គឺត្រូវពង្រឹងមូលដ្ឋានគ្រឹះនៃការអប់រំចាប់តាំងពីកម្រិតកុមារតូច ពោលគឺក្នុងរយៈពេល ១០០០ថ្ងៃដំបូង តាមរយៈការយកចិត្តទុកដាក់លើការទំនាក់ទំនង ការថែទាំ អនាម័យ អាហាររូបត្ថម្ភ និងការបង្កលក្ខណៈឱ្យកុមាររៀនសូត្រតាមរយៈការលេង រហូតដល់កម្រិតមត្តេយ្យសិក្សា ព្រមទាំងជំរុញការអនុវត្តកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូងឱ្យកាន់តែមានគុណភាពនៅកម្រិតបឋមសិក្សា។

ក្នុងវេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ៖ គរុកោសល្យទំនើប ដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ទី២១ ឆ្ពោះទៅកម្មវិធីអន្តរជាតិសម្រាប់ការវាយតម្លៃសិស្ស (PISA) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ តំណាងមន្ទីរអប់រំរាជធានី-ខេត្តទាំង២៥ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ក្រសួងនឹងបន្តពង្រីកសាលារៀនគំរូ និងលើកកម្ពស់សមត្ថភាពជាប្រចាំដល់នាយកសាលា និងគ្រូបង្រៀនលើការអនុវត្តគរុកោសល្យ និងវិធីសាស្ត្របង្រៀនថ្មីៗ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយការទទួលខុសត្រូវ ដើម្បីបណ្តុះសមត្ថភាពសិស្សឱ្យចេះអំណានស៊ីជម្រៅ ចេះវិភាគ និងទាញសេចក្តីសន្និដ្ឋានលើមុខវិជ្ជាស្នូលដូចជា អំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ដែលជាបំណិនសតវត្សរ៍ទី២១ ដ៏ចាំបាច់សម្រាប់ឆ្លើយតបនឹងស្តង់ដាតេស្ត PISA។

ឆ្លើយតបនឹងប្រធានបទនៃវេទិកាតុមូលនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកឡើងវិញអំពីសារៈសំខាន់នៃការអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ដោយបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើត និងពង្រឹងការផ្សារភ្ជាប់ជាប្រព័ន្ធរវាងក្រសួងអប់រំ យុវជន និងកីឡា សាលាគរុកោសល្យ និងសាលារៀនផ្ទាល់ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយអប់រំនៅគ្រប់កម្រិត។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា កម្ពុជាគប្បីបន្តសិក្សាស្រាវជ្រាវ និងរៀនសូត្រពីបទពិសោធជោគជ័យ និងគំរូល្អៗពីបណ្តាប្រទេសជឿនលឿនទាំងនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបន្តបង្កើនការវិនិយោគលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀនឱ្យបានជាប់លាប់ ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀន សំដៅឆ្លើយតបទៅនឹងការប្រែប្រួលនៃបរិបទសង្គម និងបច្ចេកវិទ្យា ជាពិសេសធានាបាននូវភាពជោគជ័យក្នុងការវាយតម្លៃស្តង់ដាអន្តរជាតិ PISA នាពេលខាងមុខ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





