អង្គការ FAO ជួយកសិករឱ្យដឹងជាមុនការប្រឈមមុខនឹងគ្រោះរាំងស្ងួតក្នុងអំឡុងពេលបាតុភូត El Niño
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--នៅពេលដែលបាតុភូត El Niño បង្កឱ្យមានគ្រោះរាំងស្ងួត ការទទួលបានព័ត៌មានត្រឹមត្រូវទាន់ពេលវេលាអាចបង្កើតភាពខុសគ្នាដ៏សំខាន់សម្រាប់កសិករ។ ដោយផ្អែកលើទិន្នន័យសង្កេតការណ៍តាមរយៈផ្កាយរណបក្នុងរយៈពេល ៤១ ឆ្នាំ អង្គការ FAO បានកំណត់ថាប្រទេសកម្ពុជា ស្ថិតក្នុងហានិភ័យខ្ពស់នៃការជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងអំឡុងវដ្តនៃបាតុភូត El Niño ឆ្នាំ ២០២៦ ដោយផ្ទៃដីកសិកម្ម និងវាលស្មៅប្រមាណ ១២៧ ៣០០ ហិកតា អាចនឹងរងផលប៉ះពាល់។

ប្រភពពី អង្គការ FAO បានឱ្យដឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ថា តាមរយៈគម្រោង PEARL ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) អង្គការ FAO កំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយព័ត៌មាន អំពីអាកាសធាតុទៅជាសកម្មភាពជាក់ស្តែង។ កសិករជាង ៤ ០០០ នាក់កំពុងទទួលបានការណែនាំនានា ដើម្បីជួយពួកគេក្នុងការគ្រប់គ្រងទឹក ការកែសម្រួលប្រតិទិនដាំដុះ និងការការពារដំណាំរបស់ពួកគេក្នុងអំឡុងពេលមានភាពរាំងស្ងួត។

សម្រាប់កសិករដែលកំពុងប្រឈមមុខនឹងអាកាសធាតុដែលកាន់តែពិបាកនឹងព្យាករណ៍ ការទទួលបានការជូនដំណឹងជាមុនមានន័យថា ពួកគេមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមខ្លួន ការសម្របខ្លួន និងការការពារជីវភាពរស់នៅរបស់ពួកគេ ៕

ដោយ ណយ នឿន (ប្រភព៖FAO)





