មូលនិធិ SDF ចុះពិនិត្យវឌ្ឍនភាពគ្រឹះស្ថានដៃគូ ដើម្បីផ្សារភ្ជាប់ការបណ្តុះបណ្តាលទៅនឹងតម្រូវការឧស្សាហកម្ម
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--ដើម្បីពិនិត្យវឌ្ឍនភាពការបណ្តុះបណ្តាល ហេដ្ឋារចនាសម្ព័ន្ធ និងតម្រង់ទិសផែនការអភិវឌ្ឍជំនាញអាទិភាពឱ្យស្របតាមតម្រូវការឧស្សាហកម្ម ក្រុមការងារ មូលនិធិអភិវឌ្ឍន៍ជំនាញ SDF នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF រួមជាមួយតំណាង សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានចុះទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE-C) ព្រមទាំងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន ៣ ក្នុងបរិវេណ TVET Park រួមមាន៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ។

ថ្លែងក្នុងកិច្ចពិភាក្សា ឯកឧត្តម គី សុខគីម បានគូសបញ្ជាក់ថា SDF ផ្តោតជាចម្បងលើការបង្កើនជំនាញ និងការអភិវឌ្ឍជំនាញថ្មី ដល់បុគ្គលិកកំពុងបម្រើការងារ ព្រមទាំងគាំទ្រការបណ្តុះបណ្តាលមុនចូលបម្រើការងារដល់យុវជន-យុវនារីកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដល់បរិញ្ញាបត្ររងលើជំនាញអាទិភាពស្របតាមតម្រូវការវិនិយោគជាក់ស្តែង។ ជាមួយគ្នានេះ SDF បន្តគាំទ្រការបណ្តុះបណ្តាលគ្រូបង្គោលលើជំនាញថ្មីៗ និងជំនាញដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា យានយន្តអគ្គិសនី រ៉ូបូតឧស្សាហកម្ម សំណង់ឌីជីថល និងប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងខ្សែច្រវាក់ផលិតកម្ម។ល។ រាល់ការគាំទ្ររបស់ SDF ផ្តោតលើតម្រូវការឧស្សាហកម្ម និងលទ្ធផលដែលអាចវាស់វែងបានដូចជា៖ អត្រាទទួលបានការងារធ្វើ, កម្រិតប្រាក់បៀវត្សរ៍ក្រោយការបណ្តុះបណ្តាល, និងអត្រាពេញចិត្តរបស់និយោជក ដែលជាកត្តាឆ្លុះបញ្ចាំងពីតម្រូវការឧស្សាហកម្ម គុណភាព និងតម្លៃនៃលុយ។

ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ SDF ក្នុងការដើរតួជាស្ពានតភ្ជាប់រវាងរដ្ឋ គ្រឹះស្ថាន TVET និងវិស័យឯកជន សំដៅប្រែក្លាយកម្លាំងពលកម្មកម្ពុជាឱ្យទៅជាធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ផលិតភាពខ្ពស់ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ៕

ដោយ៖ ណយ នឿន (ប្រភព៖SDF)





