ទូតកម្ពុជាប្រចាំកូរ៉េ ជួបពិភ្សាការងារជាមួយលោកស្រីអគ្គនាយកនៃមជ្ឈមណ្ឌលសាជីវកម្មធនធានទឹកកូរ៉េ (K-Water)
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--ឆ្លៀតក្នុងឱកាសនៃការចូលរួមវេទិកា The 4th Mekong-Korea International Water Forum ក្រោមមូលបទ “Climate Resilience through Digital Water Management in the Mekong Region” ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារ Westin Josun Hotel ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបពិភ្សាការងារទ្វេភាគីជាមួយលោកស្រី KIM Changsoon អគ្គនាយកនៃមជ្ឈមណ្ឌលសាជីវកម្មធនធានទឹកកូរ៉េ (K-Water)។

ក្នុងជំនួបកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ភាគីទាំងពីរ បានពិភាក្សាផ្តោតលេីយន្តការនានាក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និង K-Water ជាពិសេសគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងវិស័យធនធានទឹក ថាមពល និងបរិស្ថាន និងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាព និងទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ODA ព្រមទាំងសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងចំណេះដឹងបច្ចេកទេសរបស់កូរ៉េ ដើម្បីគាំទ្រ ដល់ការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។

លោកស្រី KIM Changsoon បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ K-Water ក្នុងការបន្តពង្រឹងកិច្ចស ហប្រតិបត្តិការជាមួយភាគីកម្ពុជា ព្រមទាំងបានអញ្ជើញឯកឧត្តម ឯកអគ្គរាជទូត ទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ K-Water នៅទីក្រុង Daejeon ក្នុងពេលសមស្របណាមួយ ដើម្បីស្វែងយល់បន្ថែមអំពីសកម្មភាព និងបទពិសោធន៍របស់ K-Water ព្រម ទាំងពិភាក្សាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ នាពេលអនាគត។
ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានសម្តែងការអបអរសាទរ និងថ្លែងអំ ណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និង K-Water ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់លើវិស័យធនធានទឹក។

ក្នុងន័យនេះ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ODA ដោយផ្តោតលើការផ្ទេរចំណេះដឹង បច្ចេកវិទ្យា ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងការបង្កើនសមត្ថភាពធនធានមនុស្សរបស់កម្ពុជា។

ភាគីទាំងពីរ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងភាពជាដៃគូអភិ វឌ្ឍន៍រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងឱកាសសម្រាប់ស្វែងរកកិច្ចសហ ប្រតិបត្តិការថ្មីៗ ដែលអាចរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងធនធានទឹក ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារ ចនាសម្ព័ន្ធធនធានទឹកប្រកបដោយចីរភាព៕
ដោយ៖ ប៊ុនរិទ្ធ





