អាជ្ញាធរទន្លេសាប ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃពីលក្ខណៈជីវសាស្រ្ត ធនធានជីវចម្រុះគ្រប់ប្រភេទនៅក្នុងខេត្តចំនួន៣
AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ -- ចាប់ពីថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យជីវចម្រុះ នៃនាយកដ្ឋានធនធានធម្មជាតិ បានចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្រ្ត ធនធានជីវៈចម្រុះគ្រប់ប្រភេទនៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ។


អាជ្ញាធរទន្លេសាបបានឱ្យដឹងថា ក្នុងការចុះសិក្សានេះ ក្រុមការងារបានធ្វើការលើបញ្ហាសំខាន់ៗចំនួន ៣គឺ ៖ ១. សម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា ២. ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី កត់ត្រាទីតាំងនេសាទ (X,Y) វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផល និង ៣. សម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតំបន់អភិរក្សសត្វស្លាប និងជីវចម្រុះគ្រប់ប្រភេទក្នុងតំបន់សិក្សា ដើម្បីប្រមូលទិន្នន័យ/ព័ត៌មានលើប្រភេទនីមួយៗ។

ជាមួយគ្នានេះ អាជ្ញាធរទន្លេសាបបានឱ្យដឹងដែរថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្រ្ត និងផលប៉ះពាល់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប។

គួរបញ្ជាក់ថា ក្នុងការសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃប្រភេទធនធានជលផលនេះ ធ្វើទៅតាមប្រភេទឧបករណ៍នេសាទក្នុងតំបន់សិក្សាបច្ចុប្បន្នភាពប្រភេទសត្វស្លាប និងថនិកសត្វក្នុងតំបន់សិក្សា៕
ដោយ៖ មករា





