រដ្ឋបាលខេត្តតាកែវ និងពុទ្ធបរិស័ទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តតុំ
AKP តាកែវ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧នៅវត្តតុំ ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ជាតិយើង ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក។ពិធីនេះមិនត្រឹមតែជាការបង្ហាញនូវជំនឿសាសនាតាមរយៈការធ្វើបុណ្យទានឧទ្ទិសកុសលជូនដល់ជីដូនជីតាបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខនោះទេ តែវាក៏ជាឱកាសសម្រាប់បងប្អូនកូនចៅបានជួបជុំគ្នា ប្រមូលផ្ដុំសាមគ្គីភាព និងបង្ហាញពីការដឹងគុណចំពោះអ្នកមានគុណផងដែរ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត។ពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គេហៅថាថ្ងៃដាក់បិណ្ឌ ឬកាន់បិណ្ឌ ចំណែកថ្ងៃ១៥រោចគេហៅថាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌហើយ បងប្អូនកូនចៅសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយតែងតែធ្វើដំណើរ ទៅជួបជុំឪពុកម្ដាយបងប្អូនកូនចៅនៅស្រុកកំណើត។ពេលជួបជុំគ្នាបានរៀបចំម្ហូបអាហារបាយសម្លជាចង្ហាន់ យកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ព្រមទាំងឧទ្ទិសកុសលជូនដល់ញាតិសន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យវិស័យពុទ្ធចក្រនិងអាណាចក្រនៅប្រទេសកម្ពុជាយើង កំពុងតែមានការរីកចម្រើនទន្ទឹមគ្នា។សំណង់វត្តអារាមនៅទូទាំងប្រទេស កាន់តែមានការរីកចម្រើនដុះដាលឡើង សាលារៀននៅក្នុងវិស័យពុទ្ធសាសនាក៏ត្រូវបានបង្កើតឡើង ដើម្បីបណ្ដុះបណ្ដាលសិក្សារៀនសូត្រតាមផ្លូវពុទ្ធចក្រ។សំណង់ដែលបានកើតឡើងទាំងអស់ក្នុងវិស័យពុទ្ធចក្រ ភាគច្រើនបានមកពីការចូលរួមកសាង ពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងមានការចូលរួមពីបងប្អូនខ្មែរនៅក្រៅប្រទេសផងដែរ។និយាយជារួមបច្ចុប្បន្នវិស័យពុទ្ធសាសនា នៅក្នុងប្រទេសកម្ពុជាយើង ពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនទៅមុខជានិច្ច។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការចូលរួមរបស់បងប្អូនទាំងអស់គ្នានៅពេលនេះគឺជាការរួមចំណែកដ៏ធំធេងក្នុងការថែរក្សា និងបន្តវប្បធម៌ដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង ឱ្យនៅគង់វង្សជារៀងរហូត។ នេះជាការរំលឹកដល់ក្មេងជំនាន់ក្រោយឱ្យយល់ច្បាស់ពីឫសគល់នៃជំនឿ និងតម្លៃនៃសាមគ្គីភាពនៅក្នុងសង្គម។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តចូលរួមធ្វើបុណ្យទាន និងថែរក្សាសុខសន្តិភាពនៅក្នុងសង្គម ព្រោះថាមានតែសន្តិភាពទេ ទើបយើងអាចប្រារព្ធនូវពិធីបុណ្យតាមប្រពៃណីដ៏ល្អផូរផង់នេះបានជារៀងរាល់ឆ្នាំ៕
ដោយ អ៊ុច សៀង





