រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ បានចាប់ផ្តើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦
AKP ភ្នំពេញ នៅថ្ងៃទី២ខែតុលា ឆ្នាំ២០២៦ -- នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃដំបូង នៃការចាប់ផ្តើមមានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ បានបង្ហាញឆន្ទៈស្ម័គ្រចិត្ត ដោយអញ្ជើញទៅបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ ដែលមានចំនួនជាង ៣ពាន់នាក់ នៅតាមបណ្តាទីតាំងទទួលពាក្យទូទាំងប្រទេស។

ការបំពេញកាតព្វកិច្ចយោធា នឹងចូលរួមចំណែក កសាងធនធានយុវជន ឱ្យមានកាយសម្បទានរឹងមាំ មានវិន័យ មានវិជ្ជាជីវៈ មានឆន្ទៈបម្រើសង្គមជាតិ មិនថាក្នុងវិស័យយោធា សាធារណៈ ឬវិស័យស៊ីវិលឯកជននោះទេ គឺយើងបានប្រែក្លាយធនធានយុវជន ឱ្យទៅជាមូលធនពិតប្រាកដ និងមានតម្លៃសម្រាប់សង្គម។

ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីការយល់ដឹងអំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម តាមរយៈការបំពេញកាតព្វកិច្ចយោធា ដើម្បីចូលរួមចំណែកក្នុងការការពារ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាព៕








ដោយ៖ គង់ សិរីរ័ត្ន





