រដ្ឋមន្រ្ដីក្រសួងព័ត៌មានលើកឡើងថា កម្ពុជា ត្រៀមខ្លួនរួចរាល់សម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយបានលើកឡើងថា កម្ពុជា បានត្រៀមលក្ខណ:គ្រប់ជ្រុងជ្រោយសម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីសម្របសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការបំពេញបេសកកម្មយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ឯកឧត្ដមបានគូសបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការវិនិយោគលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានា អំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលអន្តរជាតិដ៏សំខាន់នេះ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា ការចុះឈ្មោះប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញបានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ហើយនឹងបិទនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្ដមបានបន្ដថា គិតត្រឹមចុងខែកញ្ញាកន្លែងមកនេះ មានស្ថាប័នសារព័ត៌មានចំនួន៤៥ មកពី១៧ប្រទេស បានចុះឈ្មោះជាមុនរួចហើយ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រំពឹងថាអ្នកសារព័ត៌មានជាតិប្រមាណ ៥០០នាក់នឹងចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ឱ្យដឹងទៀតថា អ្នកសារព័ត៌មានដែលចូលរួម នឹងទទួលបានការសម្របសម្រួលតាមរយៈប្រព័ន្ធចុះឈ្មោះ និងការទទួលស្គាល់ជាផ្លូវការ ការផ្តល់ប័ណ្ណសម្គាល់ខ្លួន ព្រមទាំងការណែនាំពាក់ព័ន្ធនឹងការចូលរួម និងការបំពេញបេសកកម្មរបស់ពួកគេ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយបរទេស កម្ពុជា ក៏បានរៀបចំយន្តការសម្របសម្រួលពាក់ព័ន្ធនឹងឧបករណ៍សារព័ត៌មាន និងការចូលមកបំពេញបេសកកម្មនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្ដម នេត្រ ភក្ត្រា បានបន្ថែមថា កម្ពុជា បានរៀបចំមជ្ឈមណ្ឌលសារព័ត៌មាន ដែលនឹងដំណើរការចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបម្រើការងារដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ជូនផងដែរថា មជ្ឈមណ្ឌលនេះ នឹងមានកន្លែងធ្វើការសម្រាប់អ្នកសារព័ត៌មាន បន្ទប់សន្និសីទសារព័ត៌មាន សេវាអ៊ីនធឺណិត និងការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងសេវាចាំបាច់ផ្សេងៗ សម្រាប់ការផ្សាយព័ត៌មាន។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ ក៏បានការរៀបចំឱ្យមានការជួបជុំក្រុមអ្នកបច្ចេកវិទ្យា និងភូមិហ្វ្រង់កូហ្វូនី ដែលបណ្តុំទៅដោយវប្បធម៌ចម្រុះរបស់បណ្តាប្រទេសនិយាយភាសាបារាំង។

បើតាមឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ការត្រៀមរៀបចំទាំងនេះ គឺជាផ្នែកសំខាន់មួយនៃការងាររបស់អនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ ក្នុងការធានាឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ អាចបំពេញបេសកកម្មបានយ៉ាងរលូន និងទទួលបានព័ត៌មានគ្រប់គ្រាន់ សម្រាប់ផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ទៅកាន់សាធារណជនទាំងក្នុង និងក្រៅប្រទេស។

សូមជម្រាបជូនផងដែរថា ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល ដែលជាកម្មវិធីដ៏សម្បូរបែប និងចម្រុះជាច្រើន នឹងត្រូវរៀបចំឡើង ដើម្បីអបអរសាទរអង្គការ OIF តាមរយៈ ភូមិហ្វ្រង់កូហ្វូន (Village de la Francophonie)ដែលបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងសិល្បៈហ្វ្រង់កូហ្វូន; គំនិតផ្តួចផ្តើមសេដ្ឋកិច្ច និងឌីជីថល ជាពិសេសព្រឹត្តិការណ៍ហ្វ្រង់កូតិច (FrancoTech); និងសកម្មភាពបន្ទាប់បន្សំផ្សេងៗ ដែលមានគោលបំណងពង្រឹងការបង្រៀន ការរៀនសូត្រ និងការផ្សព្វផ្សាយជាភាសាបារាំង៕

ដោយ៖ រិទ្ធី, រូបថត៖ យឹម សុវឌ្ឍនា





