លោក គីម ជុងអ៊ុន ប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់ «កម្រិតយុទ្ធសាស្ត្រថ្មី» នៅក្នុងលិខិតមួយដែលផ្ញើជូនលោក ស៊ី ជីនពីង
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិនឱ្យឈានដល់«កម្រិតយុទ្ធសាស្ត្រថ្មីមួយ» តាមរយៈលិខិតមួយដែលផ្ញើជូនប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងឱកាសបុណ្យជាតិរបស់ប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) បានរាយការណ៍ថានៅក្នុងលិខិតអបអរសាទរខួបលើកទី៧៧ នៃបុណ្យជាតិចិន លោក គីម បានផ្ញើ «ការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងពាក្យជូនពរដ៏ល្អបំផុត»ជូនចំពោះលោក ស៊ី និងប្រជាជនចិន។
លោក គីម បានកត់សម្គាល់ថា ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៦៥ នៃសន្ធិសញ្ញាមិត្តភាពរបស់ពួកគេនៅក្នុងឆ្នាំនេះ ហើយកំពុងជំរុញការផ្លាស់ប្តូរគ្នា «លើគ្រប់វិស័យ»។
លោកបានសរសេរថា «ប្រវត្តិសាស្រ្តនៃមិត្តភាពកូរ៉េខាងជើង-ចិនដែលត្រូវបានបង្កើតឡើងនឹងត្រូវបានបន្តទៅមុខដោយមិត្តភាពដ៏ស្មោះស្ម័គ្រពិត មិនអាចរង្គោះរង្គើបានឡើយ បើទោះបីជាស្ថានភាពអន្តរជាតិអាចផ្លាស់ប្តូរយ៉ាងណាក៏ដោយ»។
លោកបានបន្ថែមថា វាគឺជាឆន្ទៈដ៏ខ្ជាប់ខ្ជួនរបស់ប្រទេសលោក ដើម្បី«អភិវឌ្ឍន៍ទំនាក់ទំនងជាប្រពៃណីនៃការឯកភាព និងកិច្ចសហប្រតិបត្តិការ»ជាមួយប្រទេសចិន។
លោកបាននិយាយថា «ខ្ញុំបានជួបប្រជុំដ៏មានអត្ថន័យជាមួយអគ្គលេខាធិការសមមិត្ត ស៊ី ជីនពីង កាលពីឆ្នាំមុន និងឆ្នាំនេះ ហើយបានបញ្ជាក់ពីជំហរ និងឆន្ទៈក្នុងការអភិវឌ្ឍទំនាក់ទំនងដ៏រឹងមាំ និងជាពិសេស គឺទំនាក់ទំនងមិត្តភាពរវាងកូរ៉េខាងជើង និងចិនទៅជាទំនាក់ទំនងដ៏មានឥទ្ធិពលនិងមានលក្ខណៈយុទ្ធសាស្ត្របំផុតរវាងបណ្តារដ្ឋសង្គមនិយម ដែលប្រាថ្នាចង់បានអនាគតរួមដ៏ស្រស់បំព្រង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





