អភិបាលខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តពោធិលង្កា ក្រុងសៀមរាប
AKP សៀមរាប ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦– ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការសាលាខេត្ត បានអញ្ញើញចូលរួមកាន់បិណ្ឌវេនទី៦ នៅទីវត្តពោធិលង្កា ស្ថិតនៅសង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។

ព្រះតេជគុណ ពិន ចន្រ្ទា ចៅអធិការវត្តពោធិលង្កា បានមានថេរដីកាថា ពិធីបុណ្យកាន់វេនបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណី ដ៏មានតម្លៃរបស់ប្រជាជនខ្មែរ ដែលមិនត្រឹមតែជាឱកាសសម្រាប់ ការធ្វើបុណ្យទាន និងឧទ្ទិសកុសលជូនបុព្វការីជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងចំណងសាមគ្គីភាពនិងភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារសហគមន៍ និងសង្គមជាតិផងដែរ។

ថេរដីកានេះ ត្រូវបានលើកឡើងក្នុងពិធីកាន់វេនបិណ្ឌទី៦ របស់រដ្ឋបាលខេត្តសៀមរាប ដែលបានប្រារព្ធធ្វើឡើងនៅវត្តពោធិលង្កា ក្រុងសៀមរាប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ព្រះតេជគុណ ពិន ចន្រ្ទា មានថេរដីកាថា ក្នុងរដូវបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ កូនចៅ និងសាច់ញាតិដែលរស់នៅទីជិតទីឆ្ងាយ តែងតែវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងរួមគ្នាធ្វើបុណ្យតាមគន្លងប្រពៃ ណីដូនតា ដែលជាកត្តាជួយពង្រឹងទំនាក់ទំនង និងស្មារតីសាមគ្គីភាពក្នុងសង្គមខ្មែរ។

ព្រះអង្គបានមានថេរដីកាបន្តថា បុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរបានប្រតិបត្តិបន្តតាំងពីបុរាណកាលមក ហើយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។ ការធ្វើបុណ្យក្នុងឱកាសនេះ គឺជាពេលវេលាដែលពុទ្ធបរិស័ទបានបំពេញទាន សីល និងភាវនា ព្រមទាំងសម្ដែងនូវកតញ្ញូកតវេទិតាធម៌ចំពោះមាតាបិតា ជីដូនជីតា និងបុព្វការីជន។

ព្រះគ្រូចៅអធិការ បានគូសបញ្ជាក់ថា ការកាន់វេនបិណ្ឌមិនមានន័យត្រឹមតែការយកចង្ហាន់ និងទេយ្យទានមកប្រគេនព្រះសង្ឃប៉ុណ្ណោះទេប៉ុន្តែជាឱកាសដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទធ្វើចិត្តឱ្យជ្រះថ្លា រក្សា សីល ប្រព្រឹត្តអំពើល្អ ចេះចែករំលែក និងជួយគ្នាទៅវិញទៅមក។ ព្រះអង្គមានថេរដីកាថា ការធ្វើអំពើល្អដោយកាយ វាចា និងចិត្ត គឺជាមូលដ្ឋាននៃការកសាងសេចក្តីសុខទាំងក្នុងគ្រួសារ និងសង្គម៕
ដោយ៖ ឃុត សៅ





