កងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំផ្ទាល់កម្លាំងយោធិនចំនួន ១២៥នាក់ហ្វឹកហ្វឺនបើកបរអូប័រ
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំកម្លាំងយោធិនចំនួន ១២៥នាក់ ចុះហ្វឹកហ្វឺនបើកបរអូប័រជាក់ស្តែង នៅ ទំនប់ខ្ពបត្របែក ស្ថិតនៅភូមិស្ទឹង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ការហ្វឹកហ្វឺននេះ ធ្វើឡើងក្នុងស្មារតីពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈជាក់ស្តែងរបស់កម្លាំង បន្ទាប់ពីមានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ឱ្យត្រៀមកម្លាំង និងមធ្យោបាយសម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ។
ក្នុងពេលដឹកនាំការហ្វឹកហ្វឺន លោកមេបញ្ជាការ បានណែនាំដល់សិក្ខាកាមទាំងអស់ឱ្យ យកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហ្វឺនឱ្យបានជាក់ស្តែង គោរពវិន័យ និងបទបញ្ជា ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព។ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានសង្កត់ធ្ងន់ថា ការហ្វឹកហ្វឺននៅថ្ងៃនេះ ត្រូវធ្វើឱ្យសិក្ខាកាមមានសមត្ថភាពពិតប្រាកដ ដើម្បីនៅពេលទទួលបទបញ្ជា អាចប្រើប្រាស់អូប័រ និងមធ្យោបាយសង្គ្រោះបានដោយមានទំនុកចិត្ត រហ័ស និងមានប្រសិទ្ធភាព។ «ត្រូវខិតខំរៀនសូត្រ ហ្វឹកហ្វឺនឱ្យចេះពិតប្រាកដ ព្រោះនៅពេលចេញទៅអនុវត្តភារកិច្ចជាក់ស្តែង ជាពិសេសនៅពេលប្រជាពលរដ្ឋត្រូវការជំនួយ យើងត្រូវតែអាចធ្វើបាន» នេះជាសារសំខាន់ដែលលោកមេបញ្ជាការ បានក្រើនរំលឹកដល់សិក្ខាកាមក្នុងពេលហ្វឹកហ្វឺន។

ជាមួយគ្នានេះ លោកមេបញ្ជាការ បានណែនាំឱ្យកម្លាំងបន្តតាមដានសភាពការណ៍អាកាសធាតុ និងត្រៀមលក្ខណៈជាប្រចាំ ទាំង កម្លាំង មធ្យោបាយ យានយន្ត អូប័រ និងសម្ភារៈសង្គ្រោះ ដើម្បីធានាថា នៅពេលទទួលបទបញ្ជា អាចចល័ត និងចុះអនុវត្តភារកិច្ចបានទាន់ពេលវេលា។ ព្រោះ ការត្រៀមខ្លួន មិនមែនចាប់ផ្តើមនៅពេលគ្រោះមហន្តរាយកើតឡើងទេ តែចាប់ផ្តើមពីការហ្វឹកហ្វឺន និងវិន័យរាល់ថ្ងៃ។

សម្រាប់កងពលតូចដឹកជញ្ជូនលេខ៩៩ ការហ្វឹកហ្វឺនគឺជាការបង្កើតសមត្ថភាព ការគោរពបទបញ្ជាគឺជាកាតព្វកិច្ច ហើយការត្រៀមខ្លួនជានិច្ច គឺដើម្បីឱ្យកម្លាំងអាចចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋបានភ្លាមៗ នៅពេលមានតម្រូវការ។ ត្រៀមកម្លាំង ត្រៀមមធ្យោបាយ ត្រៀមសមត្ថភាព ត្រៀមបំពេញភារកិច្ច ២៤ម៉ោង លើ២៤ម៉ោង ត្រៀមខ្លួនជានិច្ច ដើម្បីប្រជាពលរដ្ឋ៕
ដោយ សំ សាម៉ន (ប្រភព÷កងពលតូចដឹកជញ្ជូនលេខ៩៩)





