ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានចុះពិនិត្យដោយផ្ទាល់ និងពន្លឿនការជួសជុលផ្លូវខូចខាតនៅស្រុកសំរោងខេត្តតាកែវ
AKPតាកែវថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦–
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានចុះពិនិត្យដោយផ្ទាល់ និងពន្លឿនការជួសជុលផ្លូវខូចខាតនៅស្រុកសំរោងខេត្តតាកែវ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពផ្លូវដែលកំពុងរងការខូចខាត មានប្រវែងប្រមាណ០៦គីឡូម៉ែត្រ ស្ថិតនៅ ក្នុងឃុំសិង្ហ និងឃុំទ្រា ស្រុកសំរោង។ការចុះចុះពិនិត្យ និងសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តតាកែវ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុកសំរោង ការិយាល័យជំនាញ លោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំសិង្ហ និងឃុំទ្រា លោកមេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមផងដែរ។ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅតាមបណ្ដោយផ្លូវមួយខ្សែមានប្រវែង០៦គីឡូម៉ែត្រ ដែលឆ្លងកាត់ភូមិឈូកសខាងត្បូង ភូមិទន្លាប់ ភូមិប៉ាណាក្នុងឃុំសិង្គ និងភូមិធ្មាក្នុងឃុំទ្រា ស្រុកសំរោងខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍៥រោចខែភទ្របទឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពផ្លូវដែលកំពុងខូចខាត និងស្តាប់ពីសំណូមពរ ព្រមទាំងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានធ្វើការណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោង និងអាជ្ញាធរមូលដ្ឋាន ពិនិត្យស្ថានភាពជាក់ស្តែង និងជំរុញការជួសជុលផ្លូវនេះឡើងវិញឱ្យបានឆាប់រហ័ស។ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការប្រកបរបររបស់ប្រជាពលរដ្ឋ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន។ត្រូវយកចិត្តទុកដាក់ចំពោះគុណភាព និងប្រសិទ្ធភាពនៃការជួសជុល ដោយត្រូវពិនិត្យលក្ខណៈបច្ចេកទេស និងស្ថានភាពផ្លូវឱ្យបានច្បាស់លាស់ មុននឹងអនុវត្តការងារ ដើម្បីធានាថាផ្លូវអាចប្រើប្រាស់បានល្អនិងមានភាពធន់។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាសមិទ្ធផលសាធារណៈទាំងអស់គ្នា ដោយប្រើប្រាស់ផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយមានការទទួលខុសត្រូវ និងចូលរួមការពារឱ្យបានគង់វង្ស ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍បន្ថែមថា ជុំវិញបញ្ហាការជួសជុលផ្លូវប្រវែង០៦គីឡូម៉ែត្រនេះ គឺជាការងារដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ផ្លូវនេះមានសារប្រយោជន៍ពិសេស ក្នុងការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ការទៅមកសាលារៀន មណ្ឌលសុខភាព និងការតភ្ជាប់ពីភូមិទៅកាន់ទីប្រជុំជន។ ដូច្នេះការចុះពិនិត្យជាក់ស្តែង និងការណែនាំឱ្យពន្លឿនការជួសជុល គឺជាចំណុចសំខាន់ក្នុងការឆ្លើយតបចំពោះសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបន្តសហការគ្នាក្នុងការតាមដានស្ថានភាពផ្លូវ បន្តពិនិត្យចំណុចដែលងាយរងការខូចខាត និងរៀបចំវិធានការជួសជុល ឱ្យសមស្របតាមស្ថានភាពជាក់ស្តែង ដើម្បីធានាសុវត្ថិភាពនិងភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
ដោយ៖ អ៊ុច សៀង





