គម្រោងគជ់ បើកវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើកសិកម្មដោយផ្អែកលើព័ត៌មានអាកាសធាតុនៅខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--
គម្រោងគជ់ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ជុំទីបីនៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីជួយដល់មន្ត្រីផ្សព្វផ្សាយកសិកម្ម មន្ត្រីកសិកម្មឃុំ សមាជិកអង្គការកសិករ អាជ្ញាធរពាក់ព័ន្ធ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការចែករំលែកព័ត៌មានអំពីការប្រើប្រាស់ព័ត៌មានឧតុនិយមសម្រាប់ការងារកសិកម្ម ទៅកាន់កសិករដែលមានទំហំផលិតកម្មតូច ។

ប្រភពពីគម្រោងគជ់បានឱ្យដឹងនៅថ្ងៃទី០១ ខែរុល ឆ្នាំ២០២៦ថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តោតលើការព្យាករណ៍អាកាសធាតុប៉ុណ្ណោះទេ អ្នកចូលរួមថែមទាំងបានអនុវត្តជាក់ស្តែងក្នុងការបកស្រាយអត្ថន័យនៃព័ត៌មានទាំងនោះសម្រាប់ការងារកសិកម្ម ដូចជាពេលវេលាដែលគួរដាំដុះ របៀបគ្រប់គ្រងទឹក របៀបគ្រប់គ្រងសត្វល្អិត និងរបៀបត្រៀមខ្លួនសម្រាប់លក្ខខណ្ឌអាកាសធាតុដែលមានការប្រែប្រួលជាដើម។
តាមរយៈសកម្មភាពសម្តែងដើរតួ ការពិភាក្សាជាក្រុម និងការអនុវត្តជាក់ស្តែង អ្នកចូលរួមបានរៀនសូត្រអំពីរបៀបទាក់ទងជាមួយកសិករដែលមិនចេះអាន ឬមិនទាន់ចេះប្រើប្រាស់ប្រព័ន្ធឌីជីថល រួមទាំងកសិករស្ត្រី និងសហគមន៍ជនជាតិដើមភាគតិចផងដែរ។ វគ្គបណ្តុះបណ្តាលដែលធ្វើឡើងចំនួន២វគ្គផ្សេងគ្នា ផ្តល់ចំណេះដឹងដល់អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងថ្នាក់ដឹកនាំសហគមន៍ក្នុងខេត្តឧត្តរមានជ័យ ប្រហែល ១៥០នាក់។

វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង និងដឹកនាំដោយអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីក្រសួងធនធានទឹក និងឧតុនិយម និងអង្គការ FAO ៕
ដោយ ណយ នឿន (ប្រភព៖គម្រោងគជ់)
.





