ឯកឧត្តម ជា វ៉ាន់ដេត ចុះពិនិត្យផ្លូវខូច និងលិចទឹក នៅស្រុកសំរោង
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យផ្លូវខូច និងលិចទឹកចំនួន ១ខ្សែមានប្រវែង ៦,០០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតនៅឃុំសិង្ហ និងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដើម្បីពិនិត្យលទ្ធភាពជួសជុល និងសាងសង់ផ្លូវបេតុង។

ផ្លូវ ១ខ្សែនេះមានលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវចំនួន ៧៨២ខ្នង ប្រជាពលរដ្ឋរស់នៅចំនួន ៨៦៦គ្រួសារ មានវត្តអារាមចំនួន ៣វត្ត និងសាលាបឋមសិក្សាចំនួន ៣សាលា។ ក្រោយត្រួតពិនិត្យគម្រោងសាងសង់ផ្លូវរួចរាល់ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញពិភាក្សាសំណេះសំណាល និងបានថតរូបរួមគ្នាជាមួយនឹងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីនិងថ្នាក់ដឹកនាំ ក.ប.ទ. ។

ក្រោយពិនិត្យស្ថានភាពផ្លូវដែលលិចទឹក និងរងការខូច បាក់ ស្រុតរួចមក ឯកឧត្តម ជា រដ្ឋមន្រ្តី នឹងចាត់ក្រុមជុំនាញមកសិក្សា ដើម្បីជួសជុលឱ្យដំណើរការឡើងវិញនៅពេល រដូវរាំងស្ងួត ប៉ុន្តែសំខាន់ត្រូវដោះស្រាយ ការធ្វើលចរាចរណ៍ ទៅ មករបស់ប្រពលរដ្ឋជាបណ្តោះអាសន្តសិន ៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





