ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់ “សញ្ញាបត្រ” ជូននិស្សិតជ័យលាភី ចំនួនជាង២ពាន់អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់ “សញ្ញាបត្រ” ជូននិស្សិតជ័យលាភី ចំនួនជាង២ពាន់អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស សរុបចំនួន ២ ៥៧២ អង្គ/នាក់ (នារី ១ ២៥៧ នាក់) ដែលបានបញ្ចប់ ការសិក្សា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ និង២០២៣-២០២៤ កន្លងមកនេះ ក្នុងនោះ មាននិស្សិត អាហារូបករណ៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤៤នាក់ (នារី ២២នាក់)។
ក្នុងស្មារតីបង្ហាញនូវសុឆន្ទៈ ការប្តេជ្ញាចិត្ត និងបុព្វហេតុដ៏ឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍធនធាន មនុស្ស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានបញ្ញាជន ស្របតាមតម្រូវការសេដ្ឋកិច្ច និងសង្គម។
ក្នុងន័យនេះ សាកលវិទ្យាល័យបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍស្ថាប័នរបស់ខ្លួន ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពកំពូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ផ្អែកលើមូលដ្ឋាននេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមជាតិ ការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងនិន្នាការអភិវឌ្ឍរបស់តំបន់ និងពិភពលោកក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ (Fourth Industrial Revolution) សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដាក់ចេញនូវផែនការបរិវិត្តកម្មឌីជីថល ក្នុងវិស័យអប់រំ (Digital Education Transformation) ដោយផ្តោតលើអាទិភាពយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖អាទិភាពទី១៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន ការរៀន ការសិក្សាស្រាវជ្រាវ និង ការគ្រប់គ្រងអប់រំ ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព និងភាពបត់បែននៃដំណើរការ អប់រំ។
អាទិភាពទី២៖ អភិវឌ្ឍជំនាញ និងសមត្ថភាពឌីជីថលរបស់និស្សិត សាស្ត្រាចារ្យ និងបុគ្គលិក ដើម្បីធានាថា អ្នកពាក់ព័ន្ធទាំងអស់អាចសម្របខ្លួនទៅនឹងបរិបទថ្មីនៃសង្គមឌីជីថល និង សេដ្ឋកិច្ចឌីជីថល។
អាទិភាពទី៣៖ កែលម្អប្រព័ន្ធគ្រប់គ្រង និងអភិបាលកិច្ចសាកលវិទ្យាល័យ តាមរយៈការពង្រឹងប្រព័ន្ធ ទិន្នន័យ ការវិភាគទិន្នន័យ និងការប្រើប្រាស់ព័ត៌មានជាមូលដ្ឋានសម្រាប់ការសម្រេច ចិត្តប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព៕
ដោយ៖ គង់ សិរីរ័ត្ន





