រដ្ឋមន្ត្រីការបរទេសតួកគី៖ តួកគី និងអារ៉ាប់រួម ពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាប្រឈមក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសតួកគីលោក ហាកាន់ ហ្វីដាន់ បាននិយាយកាលពីពេលថ្មីៗនេះថា លោកបានជួបជាមួយមន្ត្រីជាន់ខ្ពស់នៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) ដែលក្នុងនោះកិច្ចពិភាក្សាបានផ្តោតទៅលើទំនាក់ទំនងទ្វេភាគី និងបញ្ហានានាក្នុងតំបន់។
លោក ហ្វីដាន់ បានសរសេរនៅលើបណ្តាញសង្គមអ៊ិចរបស់សហរដ្ឋអាមេរិកថា «វាគឺជាដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កាយ៉ាងខ្លាំងទាំងក្នុងទិដ្ឋភាពនៃការដោះស្រាយទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការវាយតម្លៃលើបញ្ហាប្រឈមនានានៅក្នុងតំបន់របស់យើង»។
លោកបានបញ្ជាក់ថា លោកបានធ្វើដំណើរទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមភ្លាមៗ បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍នានា ដែលធ្វើឡើងនៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ នៅទីក្រុងញូវយ៉ក។
នៅទីក្រុងអាប៊ូដាប៊ី លោក ហ្វីដាន់ ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម លោក ស្សេក ម៉ូហាំម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន់។ លោកក៏បានជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម លោក ស្សេក ម៉ាន់ស៊ូ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន់ និងទីប្រឹក្សាសន្តិសុខជាតិ លោក ស្សេក តានូន ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន់ផងដែរ។
លោកបានបន្ថែមថា «ប្រទេសតួកគីនឹងបន្តពង្រឹងសាមគ្គីភាពក្នុងតំបន់និងរក្សាទំនាក់ទំនងការទូតរបស់ខ្លួន ដើម្បីសន្តិភាព និងវិបុលភាពនៃតំបន់របស់យើង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





