សហរដ្ឋអាមេរិក និងចិនសហការគ្នាលើការគ្រប់គ្រងបញ្ញាសិប្បនិម្មិតជាសកល បើទោះបីជាមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ -- ការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងសហរដ្ឋអាមេរិក និងចិនក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) នៅតែបន្តកើតមានទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីសហការលើវិធាននៃការគ្រប់គ្រង ការតាមដានការវាយប្រហារតាមអ៊ីនធឺណិតដែលប្រើប្រាស់បច្ចេកវិទ្យា AI និងការទប់ស្កាត់កុំឱ្យគំរូ AI កម្រិតខ្ពស់ធ្លាក់ក្រោមការគ្រប់គ្រងរបស់តួអង្គដែលមិនមែនជារដ្ឋ។
យោងតាមរបាយការណ៍ថ្មីមួយរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានឱ្យដឹងថា វិធីសាស្រ្តផ្សេងៗគ្នាចំនួនពីរក្នុងការគ្រប់គ្រង AI ជាសកល កំពុងលេចឡើងពីសំណាក់សហរដ្ឋអាមេរិក និងចិន ខណៈដែលវិធីសាស្រ្តទីបីកំពុងលេចឡើងពីអង្គការសហប្រជាជាតិ (UN)។
របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញថា ចំនួនប្រទេសដៃគូនៅក្នុង «គំនិតផ្តួចផ្តើមស៊ីលីកា» (Silica Initiative) ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងផ្តោតសំខាន់ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ AI និងបន្ទះឈីប ដែលបានកើនឡើងដល់២៤ប្រទេសកាលពីក្នុងខែមិថុនា។ ទន្ទឹមនឹងនេះ ប្រទេសប្រហែល២៩ បានចូលរួមជាសមាជិកស្ថាបនិកនៅក្នុងអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (WAICO) ដែលដឹកនាំដោយប្រទេសចិន និងជាគូប្រជែងនឹងគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក។
ក្រុម «Pax Silica» មានសមាសភាពអ្នកចូលរួមដែលភាគច្រើនមកពីប្រទេសដែលមានសេដ្ឋកិច្ចចំណូលខ្ពស់ និងជាដៃគូសន្តិសុខរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អឺរ៉ុប ឥណ្ឌូ-ប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងអាម៉េរិកឡាទីន។ ផ្ទុយទៅវិញ សមាជិករបស់អង្គការ WAICO ភាគច្រើនមកពីប្រទេសដែលមានចំណូលទាប និងមធ្យម ហើយមានប្រទេសកាហ្សាក់ស្ថានតែមួយគត់ដែលចូលរួមក្នុងគំនិតផ្តួចផ្តើមទាំងពីរនេះ។
របៀបវារៈសំខាន់ៗពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) រវាងសហរដ្ឋអាមេរិក និងចិន ភាគច្រើនផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការតាមដានការវាយប្រហារតាមអ៊ីនធឺណិត ដែលប្រើប្រាស់បច្ចេកវិទ្យា AI ការទទួលបានគំរូ AI កម្រិតខ្ពស់របស់អាម៉េរិកដោយភាគីចិន ការដាក់កម្រិតរបស់ទីក្រុងវ៉ាស៊ីនតោនលើគំរូ AI ប្រភេទប្រភពបើកចំហ (open-source) របស់ចិន និងការទប់ស្កាត់កុំឱ្យគំរូ AI កម្រិតខ្ពស់បំផុតធ្លាក់ទៅក្នុងដៃរបស់តួអង្គដែលមិនមែនជារដ្ឋ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ីជីនពីង ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន កិច្ចពិភាក្សារវាងលោកស៊ី និងសមភាគីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្តោតលើការអភិវឌ្ឍ AI ដោយយកមនុស្សជាស្នូល និងអាចគ្រប់គ្រងបាន ព្រមទាំងបានពិភាក្សាអំពីហានិភ័យដែលអាចកើតមានផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





