ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចូលទំនិញពីកាណាដាដែលមានតម្លៃ ១ពាន់លានដុល្លារអាម៉េរិក បានចូលជាធរមានហើយ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ -- ការហាមឃាត់របស់សហរដ្ឋអាមេរិកទៅលើការនាំចូលទំនិញពីប្រទេសកាណាដាដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារអាម៉េរិក ដែលរួមមានភេសជ្ជៈមានជាតិអាល់កុល ផលិតផលទឹកដោះគោ និងយានយន្ត បានចូលជាធរមានហើយកាលពីថ្ងៃអង្គារ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលហាមឃាត់ការលក់ទំនិញមួយចំនួនដែលនាំចូលពីប្រទេសកាណាដានៅក្នុងសហរដ្ឋអាមេរិក។
បើទោះបីជាការរឹតបន្តឹងទៅលើផលិតផលដែលមានតម្លៃជិត ១ពាន់លានដុល្លារអាម៉េរិកនេះ មិនត្រូវបានគេរំពឹងថានឹងបង្កផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរបើធៀបនឹងទំហំពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំចំនួនដែលមានតម្លៃ៨៨០ពាន់លានដុល្លារអាម៉េរិករវាងប្រទេសទាំងពីរ ប៉ុន្តែព្រឹត្តិការណ៍នេះបង្ហាញពីដំណាក់កាលថ្មីមួយនៅក្នុងជម្លោះពាណិជ្ជកម្ម ដែលកំពុងបន្តជាមួយប្រទេសកាណាដា ដែលជាសម្ព័ន្ធមិត្ត និងជាដៃគូពាណិជ្ជកម្មដ៏យូរលង់របស់សហរដ្ឋអាមេរិក។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក ចាមីសិន ហ្រ្គៀរ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការទាំងនេះ គឺជាលទ្ធផលផ្ទាល់នៃការអនុវត្តបែបរើសអើងរបស់ប្រទេសកាណាដាទៅលើទំនិញនាំចេញដ៏សំខាន់ៗរបស់អាម៉េរិក។
បញ្ជីទំនិញដែលត្រូវបានហាមឃាត់មិនឱ្យនាំចូលពីប្រទេសកាណាដារួមមាន ភេសជ្ជៈមានជាតិអាល់កុល ផលិតផលទឹកដោះគោ និងយានយន្តមួយចំនួន។
កាលពីខែកក្កដា រដ្ឋបាលសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងដាក់ពន្ធគយក្នុងអត្រា ៥០% លើទំនិញកាណាដាមួយចំនួន ដោយបានចោទប្រកាន់ថា ទីក្រុងអូតាវ៉ាបានអនុវត្តវិធានការរើសអើងប្រឆាំងនឹងផលិតផលអាម៉េរិក ហើយពន្ធគយទាំងនោះបានចូលជាធរមាននៅថ្ងៃទី២២ខែសីហា ឆ្នាំ២០២៦។
ជាការឆ្លើយតប រដ្ឋាភិបាលកាណាដាបានប្រកាសដាក់ពន្ធគយក្នុងអត្រា ១៥% ២៥% ឬ ៥០% លើផលិតផលអាម៉េរិកមួយចំនួន ដែលបានចូលជាធរមាននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





