ស្រីលង្កាបានបែងចែកថវិកា ៤៥លានដុល្លារអាម៉េរិកសម្រាប់ការឧបត្ថម្ភធនលើប្រេងម៉ាស៊ូតក្នុងខែតុលា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ -- នាយកដ្ឋានព័ត៌មានរដ្ឋាភិបាល (DGI) បានឱ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលស្រីលង្កាបានបែងចែកថវិកាចំនួន ១៥ប៊ីលានរូពីស្រីលង្កា (ប្រហែល ៤៥,៣លានដុល្លារអាម៉េរិក) សម្រាប់ការឧបត្ថម្ភធនលើប្រេងម៉ាស៊ូតនៅក្នុងខែតុលា។
នាយកដ្ឋាននេះបានបញ្ជាក់ថា ការឧបត្ថម្ភធននេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយរយៈពេល ៣ខែ ដែលមានគោលបំណងជួយសម្រាលបន្ទុកដល់អ្នកប្រើប្រាស់ពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោកចំពេលដែលមានជម្លោះកំពុងបន្តនៅក្នុងតំបន់មជ្ឈិមបូព៌ា។ វិធានការនេះនឹងអនុវត្តចំពោះប្រេងម៉ាស៊ូតសម្រាប់យានយន្ត និងប្រេងម៉ាស៊ូតសម្រាប់វិស័យឧស្សាហកម្ម។
ការឧបត្ថម្ភធនរយៈពេល ៣ខែនេះ ត្រូវបានរំពឹងថានឹងជួយកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃប្រេងឥន្ធនៈពិភពលោកមកលើប្រជាជនទូទៅ ព្រមទាំងជួយរក្សាតម្លៃប្រេងម៉ាស៊ូតក្នុងស្រុកឱ្យស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





