ចិននឹងជួយស្រីលង្កាកសាងឡើងវិញនូវស្ពានចំនួន ១៤កន្លែងដែលត្រូវបានបំផ្លាញដោយព្យុះស៊ីក្លូនឌីតវ៉ាហ៍
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ ប្រទេសចិននិងស្រីលង្កា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការអនុវត្តគម្រោងជំនួយរបស់ប្រទេសចិន ដើម្បីសាងសង់ស្ពានចំនួន ១៤កន្លែងឡើងវិញដែលត្រូវបានបំផ្លាញដោយព្យុះស៊ីក្លូនឌីតវ៉ាហ៍ (Ditwah)។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ នៅឯក្រសួងដឹកជញ្ជូន ផ្លូវហាយវេ និងការអភិវឌ្ឍទីក្រុងរបស់ប្រទេសស្រីលង្កាដោយមានការចូលរួមពីលោក វី ហួស៊ាំង (Wei Huaxiang) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅស្រីលង្កា និងលោក អាស៊ីរី ការូណាវ៉ាដេណា (Asiri Karunawardena) ដែលជាលេខាធិការនៃក្រសួងនេះ។
លោក វី បានមានប្រសាសន៍ថា៖ «បន្ទាប់ពីមានសំណើពីភាគីស្រីលង្កាសម្រាប់ជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រុមអ្នកជំនាញចិនត្រូវបានបញ្ជូនទៅកាន់ប្រទេសស្រីលង្កាយ៉ាងឆាប់រហ័សដើម្បីធ្វើការវាយតម្លៃនៅនឹងកន្លែង ហើយភាគីចិនក៏បានពន្លឿនដំណើរការអនុម័តគម្រោងទាំងនេះផងដែរ»។
លោកបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីស្រីលង្កា ដើម្បីអភិវឌ្ឍ និងគ្រប់គ្រងគម្រោងនេះដោយយកចិត្តទុកដាក់ខ្ពស់ សំដៅផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនស្រីលង្កា។
ដោយទទួលស្គាល់នូវជំនួយពីភាគីចិន លោក ការូណាវ៉ាដេណា បានសម្តែងទំនុកចិត្តថា គម្រោងនេះនឹងមិនត្រឹមតែដោះស្រាយបញ្ហាការលំបាកផ្នែកដឹកជញ្ជូនក្រោយគ្រោះមហន្តរាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ស្រីលង្កាទាំងមូលផងដែរ។
ប្រទេសស្រីលង្កាត្រូវបានវាយប្រហារដោយព្យុះស៊ីក្លូន Ditwahនៅចន្លោះចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០២៥។ ព្យុះដ៏ខ្លាំងក្លានេះបានបណ្តាលឱ្យមនុស្សជាង ៦០០នាក់បាត់បង់ជីវិត និងបង្កការខូចខាតដែលមានតម្លៃប៉ាន់ស្មានប្រមាណ ៤,១ប៊ីលានដុល្លារអាម៉េរិក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





