ចំនួនករណីឆ្លងជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកើនឡើងលើសពី ៨,០០០ករណី ខណៈអង្គការសុខភាពពិភពលោក (WHO) ព្រមានថាការផ្ទុះឡើងនៃជំងឺនេះនៅតែបន្តរីករាលដាល
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ -- អាជ្ញាធរសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានឱ្យដឹងកាលពីថ្ងៃចន្ទថាចំនួនករណីឆ្លងជំងឺអេបូឡា (Ebola) ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនេះបានកើនឡើងលើសពី ៨.០០០ករណីហើយ ខណៈដែលអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការផ្ទុះឡើងនៃជំងឺនេះនៅតែមានទ្រង់ទ្រាយធំមានការរីករាលដាលតាមភូមិសាស្ត្រ និងមានការចម្លងបន្តជាប់លាប់។
យោងតាមរបាយការណ៍ស្ថានភាពចុងក្រោយរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ប្រទេសនេះបានកត់ត្រាករណីឆ្លងដែលបានបញ្ជាក់ចំនួន ៨.០៦៧ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន៣.៩០១នាក់ដែលស្មើនឹងអត្រាមរណភាព ៤៨,៤%។ អ្នកជំងឺសរុបចំនួន២.០៧០នាក់បានជាសះស្បើយ។
នៅក្នុងសេចក្តីរាយការណ៍ចុងក្រោយស្តីពីការផ្ទុះឡើងនៃជំងឺដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ អង្គការ WHO បានបញ្ជាក់ថា ចំនួនករណីឆ្លងថ្មីដែលត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃនៅតែមានកម្រិតខ្ពស់ ខណៈដែលកម្រិតនៃការចម្លងមានភាពខុសគ្នាខ្លាំងរវាងខេត្ត និងតំបន់សុខាភិបាលដែលរងផលប៉ះពាល់។
អង្គការ WHO បានលើកឡើងថា៖ «អត្រាមរណភាពដែលនៅតែបន្តខ្ពស់ ជាពិសេសអត្រានៃការស្លាប់នៅក្នុងសហគមន៍ដែលនៅតែបន្តកើនឡើង បានបង្ហាញឱ្យឃើញពីភាពធ្ងន់ធ្ងរនៃជំងឺនេះ និងបញ្ហាប្រឈមនានាដែលនៅតែបន្តកើតមាន ទាក់ទងនឹងការរកឃើញករណីឆ្លងឱ្យបានទាន់ពេលវេលា និងលទ្ធភាពទទួលបានការថែទាំអ្នកជំងឺឱ្យបានឆាប់រហ័សនិងគ្រប់គ្រាន់»។
ចាប់តាំងពីត្រូវបានប្រកាសឱ្យដឹងនៅខែឧសភាមក ការផ្ទុះឡើងនៃជំងឺនេះបានក្លាយជាការផ្ទុះឡើងនៃជំងឺអេបូឡាដ៏ធំបំផុត និងសាហាវបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេស DRC ហើយក៏ជាការផ្ទុះឡើងនៃជំងឺអេបូឡាដ៏ធំបំផុតទីពីរនៅលើពិភពលោក បន្ទាប់ពីការផ្ទុះឡើងនៃជំងឺនេះនៅតំបន់អាហ្វ្រិកខាងលិចក្នុងអំឡុងឆ្នាំ២០១៤-២០១៦៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





