ករណីជំងឺគ្រុនឈាមនៅប្រទេសស្រីលង្កាបានកើនឡើងលើសពី ១០០.០០០ករណី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលស្រីលង្កា បានឱ្យដឹងថា ប្រទេសនេះបានរាយការណ៍ពីករណីជំងឺគ្រុនឈាមជាង ១០០.០០០ករណី និងមានអ្នកស្លាប់ចំនួន ៧៧នាក់គិតត្រឹមពេលនេះក្នុងឆ្នាំ២០២៦។
ក្រសួងបានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ មានករណីជំងឺគ្រុនឈាមសរុបចំនួន ១០០.១២៧ករណីត្រូវបានកត់ត្រា។
ក្នុងចំណោមខេត្តនានា ខេត្តភាគខាងលិចបានកត់ត្រាករណីចំនួន៥២.៥៦២ករណីដែលស្មើនឹង ៥២,៥% នៃចំនួនសរុបទូទាំងប្រទេស។
ស្រុកហ្គាមប៉ាហាបានកត់ត្រាចំនួនករណីខ្ពស់ជាងគេក្នុងចំណោមស្រុក និងតំបន់រាយការណ៍ផ្សេងៗទៀត ដោយមានអ្នកឆ្លងចំនួន២១.២៣៤នាក់ ឬស្មើនឹង ២១,២១% នៃចំនួនសរុប។ បន្ទាប់មកគឺស្រុកកូឡុមបូដែលមានករណីចំនួន ១៩.៦៣៤ករណី ខណៈដែលស្រុកកាន់ឌីបានរាយការណ៍ថាមានករណីចំនួន ៧.៦២៤ករណី។
ទិន្នន័យប្រចាំខែបានបង្ហាញថា ខែកក្កដាគឺជាខែដែលមានករណីឆ្លងខ្ពស់បំផុតគិតមកទល់ពេលនេះក្នុងឆ្នាំនេះ ដោយមានអ្នកឆ្លងចំនួន២៩.៩៦៤នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





