ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះត្រួតពិនិត្យប្រឡាយ៧៨ ដើម្បីត្រៀមលក្ខណៈដោះទឹកចេញពីស្ទឹងព្រែកត្នោត
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពប្រឡាយ៧៨ ដែលជាប្រព័ន្ធដោះទឹកចេញពីស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតនាពេលបច្ចុប្បន្នមានសុវត្ថិភាព និងស្ថិរភាពល្អ ដោយពុំទាន់មានបញ្ហាចោទឡើងនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងចាំបាច់ត្រូវរៀបចំប្រឡាយ៧៨ ឱ្យបានល្អ ដើម្បីត្រៀមលក្ខណៈ និងបង្កើនប្រសិទ្ធភាពក្នុងការរំដោះទឹកចេញពីស្ទឹងព្រែកត្នោត។

ឯកឧត្តមបានបន្ថែមថា ប្រឡាយ៧៨នេះដើរតួនាទីយ៉ាងសំខាន់ និងមានសក្តានុពលក្នុងការរំដោះទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចែកចាយតាមប្រឡាយរង និងបញ្ជូនចូលទៅអាងទន្លេបាទី ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្រោចស្រពលើវិស័យកសិកម្ម ដំណាំរួមផ្សំ និងសម្រាប់បម្រើឱ្យគោលបំណងពហុវិស័យ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





