សម្តេចក្រឡាហោមចែកម៉ូតូជូនសិស្សប្រឡងជាប់និទ្ទេស A ៩០នាក់ នៅខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦--សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងចែករង្វាន់ម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន៩០នាក់ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលមហោស្រពសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជម្រាបជូននូវលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡង ១០ សីហា ២០២៦ នៅទូទាំងខេត្តមាន ១៤មណ្ឌល មាន ៣៨០បន្ទប់ មានបេក្ខជនប្រឡងសរុប ៩ ៤២១នាក់ ស្រី ៥ ៥១៣នាក់ អវត្តមានមិនមកប្រឡងចំនួន ៧៨នាក់ ស្រី ៣៥នាក់។ បេក្ខជនប្រឡងជាប់សរុប ៧ ៦០៤នាក់ ស្មើនឹង៨១,៣៩ភាគរយ ក្នុង នោះស្រី៤ ៧៤១នាក់ ។ ចំពោះជ័យលាភីនិទ្ទេស A ទាំង ៩០នាក់ មកពីគ្រឹះស្ថានសិក្សាចំនួន២៧ ក្នុងនោះសាលារដ្ឋ២០ និងសាលាឯកជន៧សាលា លើ ១២ក្រុង ស្រុក រួមមាន ក្រុងបាត់ដំបងមាន ៥១នាក់ ស្រុកថ្មគោលមាន៤នាក់ ស្រុក មោងឫស្សីមាន៧នាក់ ស្រុកសង្កែមាន៥នាក់ ស្រុកបវេលមាន៧នាក់ ស្រុកបាណន់មាន៦នាក់ ស្រុកឯកភ្នំមាន២នាក់ ស្រុកសំឡូតមាន២នាក់ ស្រុកភ្នំព្រឹកមាន២នាក់ ស្រុកកំរៀងមាន២នាក់ ស្រុកសំពៅលូនមាន១នាក់ និងស្រុករុក្ខគិរី មាន១នាក់។ ស្រុកចំនួន២ ដែលមិនមានសិស្សនិទ្ទេស A គឺស្រុកគាស់ក្រឡ និងស្រុករតនមណ្ឌល។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចបានចូលរួមអបអរសាទរជាមួយមាតាបិតាអាណាព្យាបាល សិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ប៉ុន្តែសម្រាប់សិស្សានុសិស្សដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ជាពិសេសអ្នកដែលប្រលងធ្លាក់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ ដើម្បីប្រែក្លាយលទ្ធផលឱ្យបានល្អសម្រាប់ការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំនេះដឹង និងជំនាញ ក្នុងការឈានទៅចាប់យកអាជីពច្បាស់លាស់នៃការកសាងអនាគតដ៏ភ្លឺស្វាងក្រោមម្លប់សន្តិភាព។
សម្តេចបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំ បុគ្គលិក និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត អង្គភាពចំណុះ មន្ទីរអប់រំ យុវជននិងកីឡាខេត្ត បុគ្គលិកសិក្សា នាយក នាយិកា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាមាតាបិតានិងអាណាព្យាបាលគ្រប់រូបផងដែរ។ គោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់នៅក្នុង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយកំណត់យក «ការអភិវឌ្ឍមូលធនមនុស្ស» ជាអាទិភាពគន្លឹះទី១។ គោលនយោបាយនេះផ្តោតលើការកែទម្រង់ប្រព័ន្ធអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើទំនើបកម្ម ដើម្បីបង្កើតបរិយាកាសអប់រំប្រកបដោយគុណភាពខ្ពស់។ គោលដៅនៃការអប់រំខាងលើ គឺធ្វើយ៉ាងណាឱ្យការអប់រំនោះ ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ ដូច្នេះហើយសម្រាប់គោលដៅអប់រំរបស់កម្ពុជា គឺត្រូវផ្តល់ឱ្យយុវជននូវបំណិនសតវត្សរ៍ទី២១ ចំណេះដឹង ដើម្បីចូលរួមចំណែកជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់នូវកិច្ចការងារមួយចំនួន៖ សូមឱ្យបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងនៅក្នុងថ្នាក់រៀន ក៏ដូចជាស្វ័យសិក្សា ដើម្បីឈានទៅសម្រួចសមត្ថភាពនៅថ្នាក់ឧត្តមសិក្សាស្របតាមស្មារតីនៃគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ក៏ដូចជាគោលនយោបាយស្តីពីចក្ខុវិស័យឧត្តមសិក្សា ឆ្នាំ២០៣០។ សូមចៀសឱ្យឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀន និងចៀសឱ្យឆ្ងាយពីបាបមិត្ត គឺមិត្តដែលនាំយើងទៅរកក្តីវិនាសអន្តរាយ ឃ្លាតចាកឆ្ងាយពីការសិក្សា និងធ្វើឱ្យយើងធ្លាក់ទៅក្នុងរណ្តៅនៃអវិជ្ជា។ សូមកុំភ្លេចខ្លួន និងកុំមានមោទនភាពជ្រុលពីការទទួលបាននិទ្ទេសល្អនៅក្នុងសាលា ហើយលែងដៃទម្លាក់ចោលការខិតខំព្យាយាមសិក្សាអោយសោះ ព្រោះថា ជោគជ័យនៅក្នុងសាលា មិនទាន់ប្រាកដថា យើងនឹងអាចទទួលបានជោគជ័យនៅក្នុងជីវិត ដោយមិនបាច់ខំប្រឹងបន្តនោះទេ។ សូមបន្តខិតខំរៀនសូត្របន្ថែម យោងទៅតាមពាក្យស្លោកថា រៀនហើយរៀនទៀត រៀនមិនចេះចប់ ឬការសិក្សាពេញមួយជីវិត។ សូមបន្តមានស្មារតី និងមនសិកាស្រឡាញ់ជាតិមាតុភូមិ ចេះស្រឡាញ់ និងការពារសុខសន្តិភាព ពិសេសត្រូវតែចៀសឱ្យឆ្ងាយពីចលនាប្រមូលផ្តុំខុសច្បាប់នានា ដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមក្រៅស្រុក បង្កចលាចល អសន្តិសុខសង្គម និងបំផ្លាញភាពសុខសាន្តរបស់ពលរដ្ឋ និងវឌ្ឍនភាពសង្គម៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





