អង្គការ NatureLife ប្រើប្រាស់ឧបករណ៍ថតសំឡេង AudioMoth ដើម្បីពង្រឹងការតាមដានសត្វត្រយង
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យតាមដាន និងការពារសត្វត្រយងចង្កំកស ដែលជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក ក្រុមការងារស្រាវជ្រាវជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិកម្ពុជា (NatureLife Cambodia) បានចាប់ផ្តើម សាកល្បងប្រើប្រាស់ឧបករណ៍ថតសំឡេងស្វ័យប្រវត្តិ (AudioMoth) នៅតាមទីតាំងសំខាន់ៗក្នុងដែនជម្រកសត្វព្រៃលំផាត់។នេះបើតាមការឱ្យដឹងពីអង្គការ NatureLife នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ។

តាមដានវត្តមាន និងកំណត់ទីតាំងទ្រនំសំខាន់ៗដែលមានសត្វត្រយងចង្កំក ស ប្រើប្រាស់ ឧបករណ៍នេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដោយត្រូវបានដំឡើងនៅកន្លែងទ្រនំដែលគេស្គាល់ និងសង្ស័យថាជាកន្លែងដេករបស់ពួកវា។ ឧបករណ៍នេះអាចថតសំឡេងយំនិងការស្រែករបស់សត្វត្រយងចង្កំកសបានយ៉ាងជាបន្តបន្ទាប់ ដោយមិនបង្កការរំខានដល់សត្វឡើយ ដែលអាចឱ្យមានការតាមដានវត្តមានរបស់សត្វទាំងនេះបាន២៤ម៉ោងក្នុងមួយថ្ងៃ។ ការបង្កើនប្រសិទ្ធភាពនៃការធ្វើជំរឿន៖ ទិន្នន័យដែលបានប្រមូលជួយបញ្ជាក់ពីសកម្មភាព និងអាចកំណត់បានទីតាំងទ្រនំដែលមានសត្វប្រើប្រាស់ពិតប្រាកដ ដើម្បីឱ្យក្រុមការងាររបស់យើងអាចស្វែងរកទ្រនំដោយគ្របដណ្តប់ទីតាំងចំនួនច្រើនជាងមុននិងប្រកបដោយប្រសិទ្ធភាព ព្រមទាំងមានភាពជាក់លាក់ខ្ពស់ជាងការចុះទៅពិនិត្យតាមទីតាំងជាប្រចាំដោយក្រុមការងារនៅទីវាល។ ការសន្សំសំចៃពេលវេលា និងថវិកា៖ វិធីសាស្ត្រនេះសង្ឃឹមថានឹងអាចជួយកំណត់ទីតាំងដែលមានសត្វប្រើប្រាស់ និងមិនមានសត្វប្រើប្រាស់បានកាន់តែល្អប្រសើរជាងមុន ហើយជួយសន្សំសំចៃពេលវេលា និងថវិកា ព្រមទាំងផ្តល់នូវទិន្នន័យប្រជាសាស្ត្រសត្វច្បាស់លាស់ និងមានទំនុកចិត្តខ្ពស់ជាងមុន។

ហើយការរួមបញ្ចូលឧបករណ៍នេះទៅក្នុងកម្មវិធីអភិរក្ស៖ គឺជាការសាកល្បងដ៏សំខាន់មួយឆ្ពោះទៅរកការពង្រីកទំហំនៃការអង្កេតតាមដាន និងការពារសត្វត្រយងងចង្កំកសដែលជាប្រភេទជិតផុតពូជបំផុត និងទីជម្រករបស់វា នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ព្រមទាំងអាចយកទៅអនុវត្តសម្រាប់អង្តេតតាមដានប្រភេទសត្វផ្សេងៗទៀតនាពេលអនាគតផងដែរ ៕

ដោយ៖ ណយ នឿន (ប្រភព៖NatureLife)





