ឯកឧត្តម ឌិត ទីណា៖ សុខទុក្ខ និងសុវត្ថិភាពប្រជាពលរដ្ឋ គឺជាអាទិភាពចម្បង ខណៈទឹកជំនន់បន្តប៉ះពាល់នៅក្រុងប៉ោយប៉ែត
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ – ស្របពេលស្ថានភាពទឹកជំនន់កំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតំបន់មួយចំនួននៃក្រុងប៉ោយប៉ែត ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចុះជួបសួរសុខទុក្ខ ពិនិត្យស្ថានភាព និងនាំយកជំនួយស្បៀងអាហារបឋម ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងកំពុងស្នាក់នៅទីទួលសុវត្ថិភាពទាំង៤ ក្នុងក្រុងប៉ោយប៉ែត នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្តម ឌិត ទីណា បានបង្ហាញការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ដោយចាត់ទុកថា ការការពារអាយុជីវិត និងសុខភាពរបស់ពុកម៉ែបងប្អូន គឺជាកិច្ចការអាទិភាពក្នុងដំណាក់កាលដែលស្ថានភាពទឹកជំនន់កំពុងបង្កការលំបាកនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងអាជ្ញាធរខេត្ត ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអន្តរាគមន៍ ជួយសង្គ្រោះ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជាពិសេសការរៀបចំទីទួលសុវត្ថិភាព និងការផ្គត់ផ្គង់ស្បៀងអាហារបឋម ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលជម្លៀស។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា «សុខទុក្ខ និងសុវត្ថិភាពរបស់ពុកម៉ែបងប្អូន គឺជាអាទិភាពចម្បងរបស់ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។ សូមពុកម៉ែបងប្អូនថែរក្សាសុខភាព ហើយយើងនឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះជាមួយគ្នា»។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាប និងតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀង ឱ្យបង្កើនការប្រុងប្រយ័ត្នជាប្រចាំ តាមដានព័ត៌មាន និងសេចក្តីណែនាំរបស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងត្រៀមលក្ខណៈអនុវត្តការជម្លៀសភ្លាមៗ ប្រសិនបើទទួលបានការជូនដំណឹង ដោយមិនត្រូវប្រថុយប្រថានជាមួយសុវត្ថិភាពអាយុជីវិត។
ការចុះជួបសួរសុខទុក្ខ និងផ្តល់ជំនួយនៅទីទួលសុវត្ថិភាពទាំង៤នេះ ក៏បានឆ្លុះបញ្ចាំងពីការបន្តយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការឆ្លើយតបចំពោះស្ថានភាពគ្រោះមហន្តរាយ ដោយផ្តោតលើការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានអាសន្ន និងការធានាឱ្យពួកគេទទួលបានការថែទាំជាបន្តបន្ទាប់នៅទីទួលសុវត្ថិភាព។
ក្នុងស្ថានភាពបែបនេះ ការចូលរួមរបស់ប្រជាពលរដ្ឋតាមរយៈការគោរពតាមការណែនាំរបស់អាជ្ញាធរ និងការត្រៀមខ្លួនជាមុន គឺជាចំណុចសំខាន់មួយក្នុងការកាត់បន្ថយហានិភ័យពីទឹកជំនន់។ ដូចការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា ការឆ្លងកាត់ដំណាក់កាលលំបាកនេះ ត្រូវការការយកចិត្តទុកដាក់ និងកិច្ចសហការពីគ្រប់ភាគី ដើម្បីឱ្យប្រជាពលរដ្ឋអាចរក្សាបាននូវសុវត្ថិភាព និងឆ្លងផុតវិបត្តិនេះជាមួយគ្នា៕
ដោយ៖ ឈុន សារ៉ាត





