ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅតំបន់ព្រំប្រទល់ស្រុកស្ទោងនិងស្រុកកំពង់ស្វាយ
AKPកំពង់ធំថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៦ -- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តនាព្រឹកថ្ងៃទីខែកញ្ញាឆ្នាំ២០២៦បានដឹកនាំកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅតំបន់បឹងឈូកវ៉ាន់ ស្ថិតនៅក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ជាប់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការដឹកនាំ ណែនាំដោយផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានដាក់បទបញ្ជាឱ្យកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវតែបង្ក្រាបឱ្យបាននូវឧបករណ៍នេសាទខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ធនធានមច្ឆជាតិ ពិសេសនៅក្នុងរដូវបិទនេសាទនេះ ។

កន្លងទៅនេះ ឧបករណ៍នេសាទខុសច្បាប់បានដាក់ជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកម្លាំងចម្រុះបានធ្វើសកម្មភាពបង្ក្រាបបានជាបន្តបន្ទាប់។ជាក់ស្ដែងនៅក្នុងកិច្ចប្រតិបត្តិការនៅថ្ងៃនេះ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន ១២ របាំងប្រវែងជាង ៨០០ ម៉ែត្រ, ឡុកស្បៃមុង ១២ គ្រឿង លបឬលូស្បៃមុងចំនួន ១២ មាត់, របាំងសាច់អួនក្រឡាញឹក និងរបាំងសាច់អួនដែលដាក់លើសប្រវែងកំណត់ ខុសនឹងច្បាប់ បានចំនួន ៣ របាំង មានប្រវែងជាង ៤៥០ ម៉ែត្រ ព្រមទាំងបានចាក់លែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ បានប្រមាណជាង ៥៥ គីឡូក្រាម ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្ត បន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាព នឹងទទួលបានជោគជ័យ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដែលបានប្រគល់ជូនឱ្យបានជាដាច់ខាត ហើយនឹងខិតខំបន្តព្យាយាមសហការចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង ដើម្បីប្រគល់ជូនសមត្ថកិច្ចជំនាញ កសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ឱ្យខាងតែបាន នៅពេលខាងមុខ៕
ដោយ៖ ស៊ុម វណ្ណា





