អាជ្ញាធរសង្កាត់អូរជ្រៅ ជម្លៀសប្រជាពលរដ្ឋ ២៦៧គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ដើម្បីការពារអាយុជីវិត
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីធានាសុវត្ថិភាព និងការពារអាយុជីវិតប្រជាពលរដ្ឋ ខណៈតំបន់មួយចំនួនកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ អាជ្ញាធរសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានសម្រេចជម្លៀសប្រជាពលរដ្ឋចំនួន ២៦៧គ្រួសារ ស្មើនឹង ១,០៩០នាក់ ទៅកាន់ទីទួលមានសុវត្ថិភាព ដើម្បីស្នាក់នៅបណ្តោះអាសន្ន និងជៀសវាងហានិភ័យដែលអាចកើតមានពីស្ថានភាពទឹកជំនន់។

យោងតាមការបញ្ជាក់របស់ លោក គ្រុយ គឹមលន ចៅសង្កាត់រងសង្កាត់អូរជ្រៅ បានឱ្យដឹងថា គិតត្រឹមម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋចំនួន ២៦៧គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសចេញពីតំបន់ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ជាពិសេសគ្រួសារដែលរស់នៅតាមតំបន់ក្បែរមាត់អូរព្រំដែន និងមានទឹកជំនន់ចូលលិចលង់ផ្ទះសម្បែង។
ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពទាំងនេះ មានចំនួន ១,០៩០នាក់ ក្នុងនោះស្ត្រី ៥៣៤នាក់ និងកុមារ ១២៥នាក់។ ពួកគេមកពី ២ភូមិ គឺភូមិក្បាលកោះ និងភូមិប៉ោយប៉ែត ហើយត្រូវបានរៀបចំឱ្យស្នាក់នៅបណ្តោះអាសន្នតាមទីតាំងដែលមានសុវត្ថិភាព រួមមាន សាលារៀនប៉ាលិលេយ្យ១ និងសាលារៀនព្រហ្មនិម្មិត។

លោក គ្រុយ គឹមលន បានបញ្ជាក់ថា ការជម្លៀសនេះធ្វើឡើងដោយផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលមានសមាជិកជាស្ត្រី និងកុមារ និងអ្នកដែលរស់នៅក្នុងតំបន់ដែលទឹកកំពុងជន់លិច។ ការនាំប្រជាពលរដ្ឋចេញពីតំបន់ប្រឈមទៅកាន់ទីតាំងសុវត្ថិភាព ក៏ជាការត្រៀមលក្ខណៈជាមុនរបស់អាជ្ញាធរ ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមាន ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង។
ក្រោយពីប្រជាពលរដ្ឋបានមកដល់ទីតាំងសុវត្ថិភាព អាជ្ញាធរមូលដ្ឋានបានបន្តយកចិត្តទុកដាក់លើការរៀបចំទីកន្លែងស្នាក់នៅ និងផ្តល់ គ្រឿងឧបភោគ បរិភោគ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ការហូបចុក និងការស្នាក់នៅរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលស្ថានភាពទឹកជំនន់មិនទាន់ធូរស្រាល។

ការជម្លៀសប្រជាពលរដ្ឋជាងមួយពាន់នាក់នៅសង្កាត់អូរជ្រៅនេះ បង្ហាញពីការឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋានចំពោះស្ថានភាពគ្រោះទឹកជំនន់ ដោយផ្តោតសំខាន់លើការការពារអាយុជីវិតជាចម្បង មុនពេលស្ថានភាពអាចវិវត្តទៅធ្ងន់ធ្ងរជាងនេះ។ ជាមួយគ្នានេះ អាជ្ញាធរបន្តតាមដានស្ថានភាពទឹក និងត្រៀមកម្លាំង មធ្យោបាយ និងទីតាំងសុវត្ថិភាព ដើម្បីអាចជម្លៀស និងជួយសង្គ្រោះប្រជាពលរដ្ឋបន្ថែមទៀតបានទាន់ពេលវេលា ប្រសិនបើមានការចាំបាច់៕
sដោយ៖ ឈុន សារ៉ាត





