សមាជិកក្រុមចរចា៖ អរគុណសម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ីដែលព្រួយបារម្ភពីប្រាក់ឈ្នួលកម្ពុជា ប៉ុន្តែគួរធ្វើយុទ្ធនាការរុញប្រាក់ឈ្នួលនៅបង់ក្លាដែស និងស្រីលង្កា ដែលមានត្រឹមប្រមាណ ៩០ និង ១០០ដុល្លារ ឱ្យខ្ពស់ដូចកម្ពុជាផង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអរគុណដល់ សម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ី Asia Floor Wage Alliance (AFWA) ដែលបានព្រួយបារម្ភរឿងប្រាក់ឈ្នួលនៅកម្ពុជា ប៉ុន្តែសមាជិកក្រុមចរចាក៏បានស្នើឱ្យសម្ព័ន្ធមួយនេះក្រឡេកទៅមើលប្រទេសបង់ក្លាដែស ស្រីលង្កា និងប្រទេសផ្សេងៗទៀត ដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជា ហើយគួររុញយុទ្ធនាការដំឡើងប្រាក់ឈ្នួលនៅប្រទេសទាំងនោះឱ្យខ្ពស់ស្មើប្រទេសកម្ពុជា ប្រសើរជាងការផ្តោតយុទ្ធនាការតែលើកម្ពុជាមួយ។

លោក សំ សឿន សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានលើកឡើងថា កម្ពុជាបច្ចុប្បន្ន មានប្រាក់ឈ្នួលខ្ពស់ជាងប្រទេសបង់ក្លាដែស និងស្រីលង្កាហូតដល់ជាង២ដង ហេតុនេះ បើ Asia Floor Wage ពិតជាចង់ជួយកម្មករពិតប្រាកដមែន បំផុសយុទ្ធនាការធ្វើយ៉ាងណា ឱ្យប្រទេសទាំងនោះមានប្រាក់ឈ្នួលអប្បបរមាត្រដំត្រសងនឹងកម្ពុជាផង។
លោកថ្លែងថា៖«អរគុណដល់អង្គការ Asia Floor Wage ដែលបានព្រួយបារម្ភ ពីស្ថានភាពប្រាក់ឈ្នួលអប្បបរមាកម្ពុជា ហើយបើសិនជាអង្គការនេះ មានចេតនាខ្វល់ខ្វាយបារម្ភពីសុខទុក្ខរបស់កម្មករពិត មែនសូមឱ្យគាត់ ជួយទៅធ្វើយុទ្ធនាការទៅកាន់ប្រទេសបង់ក្លាដែស និងស្រីលង្កាជាដើមដែលមាន ប្រាក់ឈ្នួលប្រមាណជា៩០ទៅ១០០ដុល្លារ ខណៈកម្ពុជាមាន ២២៩.៥ រួចហើយ»។

ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានថ្លែងថា ប្រសិនបើអង្គការ Asia Floor Wage មានគោលដៅជួយកម្មករទូទាំងអាស៊ី មិនគួរជំរុញតែនៅកម្ពុជាទេ ប៉ុន្តែគួរជំរុញ បណ្តាប្រទេសផ្សេងៗទៀតដែលមាន ប្រាក់ឈ្នួលទាបជាងកម្ពុជា ឱ្យបង្កើនប្រាក់ឈ្នួល និងទទួលបានអត្ថប្រយោជន៍ផង។
លោក ប៉ាវ ស៊ីណា បានថ្លែងថា៖« NGO (អង្គការ) ទាំងអស់មិនមែនមានន័យថា មានតែនៅស្រុកខ្មែរទេ NGO ហ្នឹងក៏មានបណ្តាញសម្ព័ន្ធមិត្តរបស់គាត់នៅប្រទេសទាំងនោះដែរ នៅប្រទេសដែលកំពុងប្រកួតប្រជែងជាមួយខ្មែរដូចគ្នាដែរ ប៉ុន្តែយើងឃើញថា ហេតុអ្វីបានផ្តោតតែលើកម្ពុជាយើងតែមួយ ដែលយើងកំពុងពង្រឹងវិស័យនេះឱ្យរឹងមាំ»។
សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាទាំងពីររូប បានបញ្ជាក់ថា ការលើកកម្ពស់ប្រាក់ឈ្នួលគួរតែផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ និងគិតគូរពីសមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្ម ព្រមទាំងស្ថានភាពកម្មករនិយោជិតក្នុងតំបន់។
អ្នកទាំងពីរយល់ថា ប្រសិនបើសម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ីមានគោលដៅលើកកម្ពស់ជីវភាពកម្មករទូទាំងតំបន់ ការជំរុញឱ្យមានការកែលម្អប្រាក់ឈ្នួលនៅគ្រប់ប្រទេសដែលមានកម្រិតប្រាក់ឈ្នួលទាបគួរតែត្រូវបានយកចិត្តទុកដាក់ផងដែរ ដើម្បីឱ្យការប្រកួតប្រជែងក្នុងតំបន់កាន់តែមានតុល្យភាព និងផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតនៅគ្រប់ប្រទេស៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





