លោកជា ពុំបានកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះ វគ្គបណ្តុះបណ្តាលស្តីពី “ការពិនិត្យបញ្ជីឈ្មោះនិង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦”
AKP កំពង់ធំ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- លោក ជា ពុំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំបានកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល ស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦”ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនៅសាលប្រជុំ គ.ជ.ប ខេត្តកំពង់ធំកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦។

លោក ជា ពុំបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ គ្រូឧទ្ទេស គ.ជ.ប និងសិក្ខាកាមទាំងអស់ ដែលបានសហការនិងចូលរួមយ៉ាងសកម្មនិងយកចិត្តទុក ដាក់ ក្នុងគោលបំណងលើកស្ទួយ ចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការងារបោះឆ្នោតឱ្យមានប្រសិទ្ធិភាពកាន់តែ ខ្ពស់ និងធ្វើឱ្យដំណើរការវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូនស្រប តាមផែនការ និងប្រតិទិនដែលបានកំណត់។ ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាល ឃើញថាសិក្ខាកាមទាំង អស់មានការយល់ដឹងអំពីការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានល្អប្រសើរ ។ កត្តានេះបានបង្ហាញពីភាពវិជ្ជមាន សម្រាប់មន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធ ដែលនឹងត្រូវ រៀបចំការបណ្តុះបណ្តាល និងអនុវត្តបន្ត នាពេលដ៏ខ្លីខាងមុខនេះ។

លោក ជា ពុំ បានណែនាំ គ្រូបង្ហាត់ប្រចាំក្រុង-ស្រុក មួយចំនួនដូចខាងក្រោម៖
១.ត្រូវត្រៀមរៀបចំសម្ភារឧបទ្ទេស និងត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាល និងណែនាំបន្តទៅក្រុមចុះឈ្មោះបោះឆ្នោត (ក្រុមប្រឹក្សាឃុំ សង្កាត់) និងភាគីពាក់ ព័ន្ធផ្សេងទៀតក្នុងក្របខណ្ឌក្រុង ស្រុករបស់ខ្លួន ស្របតាមផែនការមេនិងប្រតិទិនដែលបានកំណត់ និងតាមគោលការណ៍ណែនាំរបស់ គ.ជ.ប ។
២. សូមរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យមានភាពសមស្របនឹងតម្រូវការជាក់ស្ដែនតំបន់ និងស្ថានភាពពិតប្រាកដនៅមូលដ្ឋាន។
៣. សូមដាក់បញ្ចូលនូវបទពិសោធន៍ ព្រឹត្តិការណ៍ពិត និងករណីសិក្សា ដើម្បីធ្វើឱ្យវគ្គសិក្សាមានភាពរស់រវើក ច្បាស់ និងងាយស្រួលយល់។
៤.សូមបន្តធ្វើការសិក្សាស្រាវជ្រាវនិងបំពេញចំណេះដឹងផ្ទាល់ខ្លួន ដើម្បីទាន់សម័យ នឹងច្បាប់ ការណែនាំនិងបច្ចេកវិជ្ជាថ្មីៗ។
ទន្ទឹមនឹងនេះលោកជា ពុំ បានស្នើភាគីពាក់ព័ន្ធ មេត្តាជួយផ្សព្វផ្សាយបន្ត និងសហការអនុវត្តតាម តួនាទី និងភារកិច្ចរៀងៗខ្លួនតាមគោលការណ៍ណែនាំរបស់ គ.ជ.ប សំដៅធានាឱ្យកិច្ចដំណើរ ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំសម្រេចជោគជ័យនិងទទួល បាននូវបញ្ជីបោះឆ្នោតដែលកាន់ តែមានភាពពេញលេញត្រឹមត្រូវនិងមានបច្ចុប្បន្នភាព សម្រាប់បម្រើឱ្យការបោះ ឆ្នោតសកលនាពេលខាងមុខនេះនិងបានសំណូមពរឱ្យសិក្ខាកាមទាំងអស់ប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីអភិវឌ្ឍការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និង ធានាឲ្យការ បោះឆ្នោតកាន់តែមានភាពសុចរិត ប្រកបដោយសេរីភាព និងយុត្តិធម៌។
លោកជា ពុំក្នុងនាម ល.ខ.ប លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងគិតដល់ថ្ងៃបោះ ឆ្នោត(គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ឬប្រជាពលរដ្ឋដែលបានផ្លាស់ លំនៅឋានឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មី រួមទាំងប្រជាពល រដ្ឋដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោតរួចហើយ មានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោត ឈោ្មះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬប្រជាពលរដ្ឋដែលបានចុះ ឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ឬឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត កែតម្រូវ ឬធ្វើបច្ចុប្បន្នភាព ជាមួយក្រុមចុះឈ្មោះ បោះឆ្នោតចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិក្នុងឃុំ សង្កាត់សាមី កុំបីខានឡើយ៕
ដោយ ស៊ុម វណ្ណា





