លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បន្តចុះសួរសុខទុក្ខ ផ្តល់ការគាំពារ និងនាំយកអំណោយជូននិវត្តជនក្រសួងព័ត៌មាន
AKP រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសមាជិកក្រុមការងារអញ្ជើញចុះសួរសុខទុក្ខនិវត្តជនក្រសួងព័ត៌មានចំនួន ៣រូប ដល់ទីលំនៅផ្ទាល់។

និវត្តជនទាំងបីរូបរួមមាន៖ ១. លោក ចៅ សំអ៊ូច អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទីភា្នក់ងារសារព័ត៌មានកម្ពុជា,២. លោក អ៊ុ ភុន អតីតមន្ត្រីរាជការអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, ៣. លោក ផន សុភា អតីតមន្ត្រីរាជការបម្រើការងារនៅអធិការដ្ឋានក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោកជំទាវប្រធានកិត្តិយស បានពាំនាំនូវពាក្យពេចន៍សួរសុខទុក្ខ ព្រមទាំងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា ជូនចំពោះលោកទាំងបី និងក្រុមគ្រួសារទាំងមូល។ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន ក៏ដូចជាសមាគមផ្ទាល់ តែងតែគិតគូរជាប្រចាំ និងមិនដែលភ្លេចឡើយចំពោះសុខមាលភាព ក៏ដូចជាជីវភាពរស់នៅរបស់មន្ត្រីជំនាន់មុន ដែលធ្លាប់បានខិតខំប្រឹងប្រែងបម្រើការងារជូនជាតិមាតុភូមិ និងវិស័យព័ត៌មានកន្លងមក។

ជាមួយគ្នានេះដែរ ក្រុមការងារបានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាឧបត្ថម្ភមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លាបញ្ជូនមកដោយផ្ទាល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់និវត្តជនទាំងបីរូប។

បន្ថែមពីលើនេះ ក្រុមការងារក៏បានឆ្លៀតឱកាសពន្យល់ណែនាំ និងផ្តល់ព័ត៌មានលម្អិតស្តីពីការចុះឈ្មោះចូលជាសមាជិកសមាគមនិវត្តជន ក្នុងគោលបំណងពង្រឹងកសាងបណ្តាញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ រួមទាំងបង្កើតភាពងាយស្រួលក្នុងការទទួលបានការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនាពេលអនាគត៕


ដោយ ទូច វលក្ខ័ណ (រូបថត៖ ឡុង ដេវីត)





