លោកផាង វី ណែនាំដល់ក្រុមការងារប្រចាំការត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពទំនប់ អាងទឹក៣០កញ្ញា
AKP កំពង់ធំ ថ្ងៃទី២៦ ខែកញ្ញា ឆ្មាំ២០២៦ -- លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មក្រសួងធនធានទឹកនិងឧតុនិយមបានណែនាំដល់ក្រុមការងារប្រចាំការត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពទំនប់៣០កញ្ញាក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្ដស្ទឹងស្ទោងរហូតដល់ ប្រឡាយទ្វារទឹកបត់ត្រង់និងពិនិត្យសុវត្ថិភាពទំនប់អាងទឹក៣០កញ្ញាស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទោងខេត្តកំពង់ធំកាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៦។

លោក ផាង វី បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះភ្លៀងធ្លាក់បន្តបន្ទាប់នៅតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើក៏ដូចជាក្នុងស្រុកស្ទោង ដែលជាហេតុបណ្ដាលឱ្យទឹកក្នុងអាងទំនប់៣០កញ្ញាមានការហក់ឡើងខ្ពស់។

ក្នុងឱកាសនោះ លោក ផាង វី និងក្រុមការងារ បានបន្ដចុះពិនិត្យនិងតាមដានស្ថានភាពទឹកនៅតាមសណ្ដស្ទឹងស្ទោង រហូតដល់ប្រឡាយបត់ត្រង់។លោកបានបញ្ជាក់ថានៅចំណុចប្រឡាយបត់ត្រង់មានទ្វារទឹកចំនួន៨ទ្វារ ហើយបច្ចុប្បន្នក្រុមការងារបានបើកទ្វារទឹកទាំង៨ដើម្បីជួយពន្លឿនការរំដោះទឹកឱ្យហូរទៅបឹងទន្លេសាប។ ប្រសិនបើនៅផ្នែកខាងលើពុំមានភ្លៀងធ្លាក់ ក្នុងរយៈពេល ២ទៅ ៣ថ្ងៃខាងមុខ កម្ពស់ទឹកនឹងចាប់ផ្តើមស្រកចុះទៅវិញ។

ជាមួយគ្នានេះ លោក ផាង វី បានណែនាំដល់ក្រុមការងារប្រចាំការតាមទំនប់និងអាងទឹកត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពទំនប់ដោយចុះត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់បញ្ហាដែលអាចកើតមានឡើង។ត្រូវគ្រប់គ្រងការបិទ-បើកទ្វារទឹកតាមបទដ្ឋានបច្ចេកទេសដើម្បីបញ្ចៀសការលិចលង់និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងនិងត្រៀមលក្ខណៈគ្រឿងចក្រអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ប្រសិនបើមានហេតុការណ៍កើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា សំណង់បង្ហៀរទឹក ៣០កញ្ញា ដែលមានប្រវែង២៦០ម៉ែត្របច្ចុប្បន្នទឹកបានហូរលើសំណង់បង្ហៀរក្នុងកម្ពស់០,៦ម៉ែត្រហើយសំណង់បង្ហៀរកំពុងរំដោះទឹកពី៤០០ទៅ៤៥០ម៉ែត្រគូបក្នុងមួយវិនាទី៕

ដោយ ស៊ុម វណ្ណា





