ពលរដ្ឋជាង ១,០០០គ្រួសារ នៅក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈអភិបាលខេត្តអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រជាពលរដ្ឋជាង ១,០០០គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរជម្លៀសចេញពីតំបន់ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ទៅកាន់ទីទួលសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពអាយុជីវិត ខណៈប្រតិបត្តិការជម្លៀសនៅតែបន្តយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ។

គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយលោក លៀម សុដា លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យស្ថានភាពទឹកជំនន់ជាក់ស្តែងនៅតាមមូលដ្ឋានរងផលប៉ះពាល់ក្នុងក្រុងប៉ោយប៉ែត និងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព។

ក្នុងចំណោមប្រជាពលរដ្ឋជាង ១,០០០គ្រួសារ មានជាង ៥០០គ្រួសារបានទៅដល់ទីទួលសុវត្ថិភាពរួចរាល់ ខណៈជាង ៥០០គ្រួសារទៀត កំពុងត្រូវបានអាជ្ញាធរ និងកម្លាំងសង្គ្រោះបន្តជម្លៀសជាបន្តបន្ទាប់ពេញមួយយប់ ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានពីការកើនឡើងនៃទឹកជំនន់។

ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់លំនៅឋាន និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារកណ្ដាល សង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ។ ស្ថានភាពនេះបានជំរុញឱ្យអាជ្ញាធរក្រុង និងកម្លាំងចម្រុះ បង្កើនការចុះជួយជម្លៀសប្រជាពលរដ្ឋ និងដឹកជញ្ជូនទ្រព្យសម្បត្តិចាំបាច់ទៅកាន់ទីតាំងមានសុវត្ថិភាព។

ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់ ឯកឧត្តម អ៊ុ រាត្រី បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀង ត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រូវសហការជាមួយអាជ្ញាធរ ដោយត្រៀមបំលាស់ទីទៅកាន់ទីសុវត្ថិភាពឱ្យបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពក្នុងអំឡុងពេលទឹកជំនន់ ជាពិសេសត្រូវប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗដែលអាចចេញពីជម្រកដោយសារទឹកជំនន់។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះកុមារតូចៗ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យពួកគេលេងទឹក ឬចូលទៅកាន់តំបន់ទឹកជំនន់ដោយគ្មានការគ្រប់គ្រងឡើយ ព្រោះអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ជាមួយនឹងការជម្លៀសប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានបានរៀបចំទីតាំងស្នាក់នៅបណ្តោះអាសន្ន ស្បៀងអាហារ សម្ភារៈប្រើប្រាស់ចាំបាច់ សេវាសុខាភិបាល និងក្រុមសង្គ្រោះវេជ្ជសាស្ត្រ ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព។ កម្លាំងចម្រុះក៏ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងជួយការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ឆ្លើយតបនឹងស្ថានភាពនេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងក្រុមការងារអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែនៅក្បែរប្រជាពលរដ្ឋ និងត្រៀមខ្លួនជានិច្ច ដើម្បីចុះជួយសង្គ្រោះ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមនឹងគ្រោះមហន្តរាយតែម្នាក់ឯងឡើយ។
ការចុះពិនិត្យ និងដឹកនាំប្រតិបត្តិការជម្លៀសដោយផ្ទាល់របស់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្រុង ក្រុមការងាររាជរដ្ឋាភិបាលនៅក្នុងពេលដែលទឹកជំនន់កំពុងបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះ បានបង្ហាញពីការយកចិត្តទុកដាក់ជាបន្ទាន់ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈឆ្លើយតបចំពោះគ្រោះមហន្តរាយនៅមូលដ្ឋាន។
អាជ្ញាធរខេត្ត និងក្រុងប៉ោយប៉ែត បន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ប្រឈមទាំងអស់ ត្រូវតាមដានស្ថានភាពទឹក និងស្តាប់ការណែនាំរបស់អាជ្ញាធរ ព្រមទាំងចូលរួមបំលាស់ទីទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ដោយចាត់ទុកសុវត្ថិភាពអាយុជីវិតជាអាទិភាពខ្ពស់បំផុត។
ជាវិធានការបន្ត ឯកឧត្តម អ៊ុ រាត្រី បានធ្វើការជំរុញណែនាំទៅដល់រដ្ឋបាលក្រុង-ស្រុកទាំង៩ ត្រូវយកចិត្តទុកដាក់បន្តតាមដានស្ថានភាពទឹកនៅតាមតំបន់ដែលប្រឈម ពិសេសប្រសិនបេីស្ថានភាពទឹកនៅបន្តកើនឡើង ត្រូវធ្វើការជូនដំណឹងទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវចាត់កម្លាំងជុំអន្តរាគមន៍ ជម្លៀសបងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីតាំងសុវត្ថិភាព ឱ្យបានទាន់ពេលវេលា៕
ដោយ ឈុន សារ៉ាត





