អភិបាលរងខេត្តកំពង់ធំណែនាំឱ្យពង្រឹងនិងយកចិត្តទុកដាក់លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- លោក អ៊ុង វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំបានណែនាំឱ្យពង្រឹងនិងយកចិត្តទុកដាក់លើការងារគ្រប់គ្រងគ្រោះអន្តរាយក្នុងភូមិសាស្ត្រខេត្តកំពង់ធំក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរក្រុង ស្រុកទាំង៩។

លោក អ៊ុង វុទ្ធី បានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង៩ ឱ្យយកចិត្តទុកដាក់រាយការណ៍ជាប្រចាំនិងឱ្យបានទៀងទាត់ អំពីស្ថានភាពគ្រោះមហន្តរាយដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនព្រមទាំងត្រូវមានវិធានការឆ្លើយតបនិងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះពាល់និងការខូចខាតដែលអាចកើតមានចំពោះអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្តបានស្នើឱ្យមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយដែលមានភារកិច្ចទទួលបន្ទុកប្រមូល និងសរុបរបាយការណ៍ ត្រូវរៀបចំនិងបូកសរុបទិន្នន័យឱ្យបានច្បាស់លាស់ ព្រមទាំងធ្វើការផ្ទៀងផ្ទាត់ជាមួយមន្ទីរ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងអាចទុកចិត្តបាននៃរបាយការណ៍ជាពិសេសទិន្នន័យពាក់ព័ន្ធនឹងផលប៉ះពាល់ និងការខូចខាតលើដំណាំស្រូវនិងដំណាំរួមផ្សំផ្សេងៗ។

ជាមួយគ្នានេះ លោកបានណែនាំឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ យកចិត្តទុកដាក់ពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យអំពីផលប៉ះពាល់ និងការខូចខាតឱ្យបានហ្មត់ចត់ ដោយទិន្នន័យទាំងអស់ត្រូវមានប្រភពច្បាស់លាស់ និងទទួលបានពីមូលដ្ឋានភូមិ-ឃុំ/សង្កាត់របស់ខ្លួន។ ការអនុវត្តបែបនេះ គឺដើម្បីជៀសវាងការកើតមានកំហុសឆ្គង ឬភាពមិនស៊ីសង្វាក់គ្នានៃទិន្នន័យ ដែលអាចប៉ះពាល់ដល់ការរៀបចំផែនការនិងការផ្តល់ជំនួយសង្គ្រោះបន្ទាន់។

លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំបានបញ្ជាក់ថា បន្ទាប់ពីស្ថានភាពគ្រោះមហន្តរាយ ជាពិសេសទឹកជំនន់ បានស្រកចុះទៅស្ថានភាពដើមវិញ រដ្ឋបាលខេត្តនឹងបន្តរៀបចំការស្តារ នូវផលប៉ះពាល់ទាំងនោះឡើងវិញ។ដូច្នេះការរៀបចំទិន្នន័យអំពីផលប៉ះពាល់និងការខូចខាតឱ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសំណើសុំជំនួយ និងការគាំទ្រផ្សេងៗ មានដូចជា ស្បៀងអាហារគ្រាប់ពូជផ្សេងៗសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដើម្បីជួយស្តារជីវភាពរបស់បងប្អូនយើង ក្រោយពីការរងផលប៉ះពាល់ដោយទឹកជំនន់ឱ្យបានប្រសើរឡើងវិញ។
លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការតាមដានស្ថានភាពគ្រោះមហន្តរាយនេះ ឱ្យបានជាប់ជាប្រចាំ បើមានបញ្ហាអ្វីកើតឡើងជាបន្ទាន់ត្រូវ រាយការណ៍ព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនិងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា៕
ដោយ ស៊ុម វណ្ណា





