ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាម៉េរិក (FBI) និងនគរបាលសហព័ន្ធអូស្រ្តាលី (AFP) សន្យាជ្រោមជ្រែងនគរបាលកម្ពុជាបោសសម្អាតស្កេមឱ្យដល់ឫសគល់
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- តំណាងជាន់ខ្ពស់នៃភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាម៉េរិក (FBI) និងនគរបាលសហព័ន្ធអូស្រ្តាលី (AFP) បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តជ្រោមជ្រែងដល់កម្លាំងអនុវត្តច្បាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ក្នុងនោះមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ ការប្តេជ្ញាចិត្តពីតំណាងជាន់ខ្ពស់នៃភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាម៉េរិក (FBI) និងនគរបាលសហព័ន្ធអូស្រ្តាលី (AFP) នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជានាពេលកន្លងទៅនេះ។

ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឱ្យដឹងថា តាមរយៈជំនួបដាច់ដោយឡែក លោកមេបញ្ជាការ Graeme Marshall ប្រធាននាយកដ្ឋានសន្តិសុខសាយប័រ និងស៊ើបអង្កេតពិសេស នៃនគរបាលសហព័ន្ធអូស្រ្តាលីបានប្រកាសស្វាគមន៍គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ប្រសិនបើមានបំណងចង់សិក្សាអំពីមណ្ឌលសម្របសម្រួល បទល្មើសបច្ចេកវិទ្យារួម (Joint Policing Cyber Crime Coordination Centre-JPC3) ដែលមានតួនាទីប្រហាក់ប្រហែលគ្នានឹងគម្រោងបង្កើតមជ្ឈមណ្ឌលប្រឆាំងការឆបោកតាមអនឡាញរបស់កម្ពុជា ដូចដែលប្រមុខក្រសួងមហាផ្ទៃបានប្រកាសក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទអន្តរជាតិ ហើយដ្បិតជាជំនួបដាច់ដោយឡែក ប៉ុន្តែបើតាមឯកឧត្តមរដ្ឋលេខាធិ ការក្រសួងមហាផ្ទៃ បានឱ្យដឹង ថា ទាំងលោក Stephen Flores នាយកប្រតិបត្តិការជាន់ខ្ពស់ FBI និងលោកមេបញ្ជាការ Graeme Marshall នៃនគរបាលសហព័ន្ធអូស្រ្តាលីបានឯកភាពដូចគ្នាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលាលើបទល្មើសអាទិភាពរួមមាន Online Scams និង Cybercrime ជាពិសេសបានឯកភាពបន្តផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីនគរបាលជាតិកម្ពុជា ដើម្បីពង្រឹងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលក្នុងប្រទេស ឬអញ្ជើញទៅបណ្តុះបណ្តាលនៅអូស្រ្តាលី ឬនៅអាម៉េរិកតែម្ដង។
ជាមួយគ្នានេះភាគីទាំងពីរបានបង្ហាញការអបអរសាទរជាមួយក្រសួងមហាផ្ទៃកម្ពុជា សម្រាប់ការបន្តសុពលភាពអនុស្សរណៈនៃការយោគយល់ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការរួមគ្នាក្នុងការស្រាវជ្រាវបង្ក្រាបករណីឆបោកតាមរូបិយបណ្ណគ្រីបតូ និងការជម្រិតទារប្រាក់តាមអនឡាញ។ ក្នុងជំនួបជាមួយ FBI ភាគីទាំងពីរបានគូសបញ្ជាក់ពីលទ្ធផលនៃការផ្លាស់ប្តូរព័ត៌មាន IP Address ឈានទៅបង្ក្រាបទីតាំងឆបោកជាង ៥០កន្លែង និងបានពិភាក្សាលើកិច្ចសហការរឹតបន្តឹងការលួចប្រើប្រាស់អត្តសញ្ញាណបណ្ណពលរដ្ឋខ្មែរទៅបើកគណនីធនាគារ ឬទិញស៊ីមកាត។ ភាគី FBI បានប្តេជ្ញាបន្តផ្តល់ឱកាសដល់មន្ត្រីនគរបាលជាតិកម្ពុជាទៅទទួលការបណ្តុះបណ្តាលនៅបណ្ឌិត្យសភា FBI ដើម្បីពង្រឹងសមត្ថភាពបន្ថែម។
ឯកឧត្តម កែវ វណ្ណថន បានគូសបញ្ជាក់ថា ជារួមយើងបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរព័ត៌មានសម្ងាត់ទាន់ពេលវេលាលើបទល្មើសអាទិភាពដូចជា Online Scams, Cybercrime, ការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់ ព្រមទាំងបានយល់ស្របលើការផ្តល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់នគរបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងល្បិចកលបំបែកខ្លួនជាក្រុមតូចៗធ្វើសកម្មភាពតាមសហគមន៍របស់ក្រុមឧក្រិដ្ឋជនបន្ទាប់ពីទីតាំងឆបោកធំៗត្រូវបានកម្ពុជាបោសសម្អាតអស់ទាំងស្រុង។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កម្ពុជាបានបង្ក្រាបទីតាំងឆបោកសរុបចំនួន ៨៣២កន្លែង (ក្នុងនោះមាន ៨៦កន្លែងជាទីតាំងធំៗ) កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៤០៨សំណុំរឿង ដោយមានជនសង្ស័យចំនួន ៣.៤៧៧នាក់កំពុងជាប់ឃុំ ព្រមទាំងបានត្រួតពិនិត្យរដ្ឋបាលការពារសន្តិសុខបានជាង ៣៨.១៦៩ទីតាំង បណ្តេញជនបរទេសល្មើសច្បាប់ចំនួន ២២.១៤២នាក់ មាន ៣៨សញ្ជាតិ និងបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសសរុបជាង ៣០០លានដុល្លារអាម៉េរិក៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





